តើអាជ្ញាធរសង្កាត់ព្រែកតាកូវ ហេតុអ្វីមានសិទ្ធិលក់ឬដោះដូរផ្លូវសាធារណៈរបស់រដ្ឋប្រវែងជាង៣០០ម៉ែត្រឱ្យទៅក្រុមហ៊ុនស្រាបៀហ្គេនស្បើក?

(កណ្តាល)៖ ដីផ្លូវសាធារណៈរបស់រដ្ឋ១ខ្សែត្រូវបានរដ្ឋបាលសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រលួចលក់ក្នុងរូបភាពដោះដូរឲ្យទៅ «ក្រុមហ៊ុនស្រាបៀរហ្គេនស្បើក»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។

ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់ព្រែកតាកូវបានខ្សឹបឲ្យដឹងថា ដីផ្លូវសាធារណៈរបស់រដ្ឋ១ខ្សែខាងលើនេះ មានទទឹង៦ម៉ែត្រ និងបណ្តោយជាង៣០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ពាក់ព័ន្ធករណីនេះ ត្រូវបានរដ្ឋបាលសង្កាត់ព្រែកតាកូវបដិសេធថា មិនមានការលក់ដូរទេ គឺជាការព្រមព្រៀងតាមសំណើរបស់ប្រជាពលរដ្ឋ។

ប៉ុន្តែបើតាមប្រភពបានឲ្យដឹងថា ដីផ្លូវខាងលើនេះ ពិតជាបានលក់និងដោះដូរទៅឱ្យក្រុមហ៊ុនស្រាបៀរហ្គេនស្បើកពិតប្រាកដមែន ប៉ុន្តែគេមិនទាន់ដឹងថា ការលក់និងការដោះដូរដីផ្លូវនេះយកលុយ ទៅធ្វើអ្វីខ្លះនោះទេ? ហើយប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ព្រែកតាកូវក៏មិនបានដឹងអំពីបញ្ហាលុយកាក់នោះទេ ហាក់ដូចជាមានបិទបាំងចំពោះរឿងនេះអាជ្ញាធរនិងក្រុមហ៊ុន។

ប្រភពបានបន្ថែមថា បច្ចុប្បន្នផ្លូវខាងលើនេះ ត្រូវបានក្រុមហ៊ុនចាក់អាចម៍ដីលុបអស់មួយចំនួនហើយ ក្រុមហ៊ុនក៏បាននឹងកំពុងសាងសង់សំណង់រឹងមាំលើផ្លូវថ្មី ជាថ្នូរទៅនឹងផ្លូវចាស់ផងដែរ។

ប្រភពបានបន្តខ្សឹបឲ្យដឹងថា អាជ្ញាធរជាអ្នករៀបចំសេនារីយ៉ូឲ្យមានការលក់ដូរផ្លូវនោះ ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយប្រជាពលរដ្ឋមិនដឹង មិនឮ មិនបានរួមចំណែកនៅក្នុងការលក់ឬដោះដូរផ្លូវនេះទេ។ ដូច្នេះសូមកុំយកឈ្មោះប្រជាពលរដ្ឋទៅបាំងពីមុខក្នុងផលប្រយោជន៍របស់បុគ្គលមួយចំនួននៅសង្កាត់ព្រែកតាកូវនិងក្រុងអរិយក្សត្រ។

មជ្ឍដ្ខានបានលើកជាសំណួរថា តើអាជ្ញាធរសង្កាត់ព្រែកតាកូវ ហេតុអ្វីមានសិទ្ធិលក់ឬដោះដូរផ្លូវសាធារណៈរបស់រដ្ឋប្រវែងជាង៣០០ម៉ែត្រឱ្យទៅក្រុមហ៊ុនស្រាបៀហ្គេនស្បើក?

បើតាមលោក អឿន សំអ៊ន ចៅសង្កាត់ព្រែកតាកូវបានព្យាយាមបដិសេធថា អាជ្ញាធរមិនបានលក់ទេ គឺជាការដោះដូរ។ លោកបញ្ជាក់ថា ក្រុមហ៊ុនបានចែចូវជាមួយប្រជាពលរដ្ឋដោយឯកភាពជាមួយលោកអភិបាលក្រុងអរិយក្សត្រ ហើយខាងក្រុមហ៊ុនធ្វើផ្លូវថ្មីជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ លោកចៅសង្កាត់បន្ថែមថា ហើយប្រជាពលរដ្ឋក៏បានផ្ដិតមេដៃស្នើសុំឲ្យមានការដោះដូរផ្លូវនេះ។

បើតាមប្រភពពីមន្ត្រីជំនាញនៃរដ្ឋបាលខេត្តកណ្ដាល១រូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅល្ងាចនេះថា គ្មានអ្នកណាអាចដោះដូរផ្លូវសាធារណៈរបស់រដ្ឋបានទេ ព្រោះជារបស់សាធារណៈ សូម្បីតែដីរដ្ឋក៏គេមិនអាចដោះដូរបានទេ ទម្រាំផ្លូវរដ្ឋទៀត គ្មានអ្នកណាធ្វើអញ្ចឹងបានទេ។

ទាក់ទិនករណីផ្លូវខាងលើនេះ លោក នឹម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកណ្ដាលបានឲ្យអង្គភាព The Mirror News ដឹងថា លោកមិនទាន់បានទទួលព័ត៌មានខាងលើនេះទេ លោកសុំពេលសួរនាំគេសិន ក្រៃលមានហេតុផលអ្វីផ្សេងទៀតក្រៅពីនោះ។

ពាក់ព័ន្ធករណីផ្លូវនេះ អង្គភាព The Mirror News ពុំអាចសុំការបំភ្លឺពីខាងក្រុមហ៊ុនស្រាបៀរហ្គេនស្បើកបាននោះ ដោយសារពុំមានលេខទូរស័ព្ទឬបណ្ដាញសង្គមណាដែលអាចធ្វើការទំនាក់ទំនងដើម្បីសុំបំភ្លឺបាន ប៉ុន្តែទោះបីជាយ៉ាងណាអង្គភាព The Mirror News នៅតែប្រកាន់ជំហរទទួលស្វាគមន៍នូវការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធជុំវិញករណីខាងលើនេះរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង