លោកបណ្ឌិត ជិន ម៉ាលីន៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា

(ស្ទឹងត្រែង)៖ លោកបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា «ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដោយប្តឹងទៅអាជ្ញាធរមូលដ្ឋានដូចជា មេភូមិ, មេឃុំ, អភិបាលស្រុក ឬអភិបាលខេត្ត ជាដើម ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគាត់ ហើយវិធីសាស្ត្រក្នុងការដោះស្រាយវិវាទដែលល្អបំផុតតាមរយៈយន្តការរដ្ឋបាលនេះ គឺការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីទទួលបាននូវដំណោះស្រាយមួយ ដែលជា «ដំណោះស្រាយឈ្នះ-ឈ្នះ» សម្រាប់ភាគីវិវាទ។

ការគូសបញ្ជាក់របស់ លោកបណ្ឌិត ជិន ម៉ាលីន  រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.  នាព្រឹកថ្ងៃពុធទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង។

លោកបណ្ឌិតបានបន្តថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ៖ *ទី១. ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង*ទី២. ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។

គួរជម្រាបជូនថា ក្នុងសិក្ខាសាលានេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង។

គួរជម្រាបបន្ថែមថា ក្នុងសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក ឈាន ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង រួមមាន តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តស្ទឹងត្រែង សរុបចំនួនប្រមាណ២០០រូប៕

អត្ថបទដែលជាប់ទាក់ទង