លោក គូច ចំរើន៖ រដ្ឋបាលខេត្តកណ្ដាលបាននឹងកំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត

(កណ្តាល)៖ លោក គូច ចំរើន បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាលបាននឹងកំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិសនៅកម្រិតបឋមសិក្សាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងតែត្រូវការពង្រីកកំរិតបឋមសិក្សាឲ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។

ការគូសបញ្ជាក់របស់របស់លោក គូច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤- ២០២៥ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។

លោកអភិបាលខេត្តក៏បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ គឺមន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់ ទៅលើការបម្រើការងារបានត្រឹមត្រូវ ស្របតាមស្តង់ដារអប់រំជាតិ។

លោកបានថ្លែងថា កាលពីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្ត បានធ្វើការពិភាក្សារកបញ្ហាប្រឈម និងដំណោះស្រាយលើការងារជាអាទិភាពមួយចំនួន ក្នុងនោះក៏បានរកឃើញបញ្ហាប្រឈមមួយចំនួន នៃការអនុវត្តមុខងារវិស័យអប់រំ ដែលបានផ្ទេរទៅដល់រដ្ឋបាលក្រុង-ស្រុក ដូចជាការងារចាត់តាំង ការប្រើប្រាស់មន្ត្រីអប់រំ និងបញ្ហាហិរញ្ញវត្ថុគាំទ្រដំណើរការអនុវត្តមុខងារអប់រំនៅថ្នាក់ក្រុង-ស្រុក ដូច្នេះអភិបាលក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់លើមុខងារវិស័យអប់រំដែលបានផ្ទេរទៅ ដោយប្រើប្រាស់មន្ត្រីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។

លោកអភិបាលខេត្តក៏បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការស្រង់ទិន្នន័យចំនួនសាលារៀន សិស្ស ដែលមាននិងកំពុងសិក្សាទាំង៣កម្រិត រួមមានកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងការធ្វើផែនការអភិវឌ្ឍក្នុងវិស័យអប់រំបានចំគោលដៅ។ ហើយសម្រាប់ការងារសំខាន់ចំពោះមុខមួយទៀតនោះគឺគ្រប់សាលារៀន គ្រប់កម្រិតសិក្សាទាំងអស់ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំទាំងអស់គ្នា  ដោយចាប់ផ្តើមពីការប្រឡងប្រជែងផ្ទៃក្នុងនៅតាមក្រុង-ស្រុកនីមួយៗ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ រីឯអភិបាលក្រុង-ស្រុក សូមដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។

គួរជម្រាបថា ស្តង់ដារ នៃការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានសូចនាករជាច្រើនដូចជា ការបម្រើសេវា, ការរៀបចំអនាម័យ បរិស្ថាន, ការគ្រប់គ្រងមន្ត្រី ហិរញ្ញវត្ថុ, ការងារទំនាក់ទំនងសហគមន៍ជាដើម។សម្រាប់ខេត្តកណ្ដាល ចំពោះការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានមត្តេយ្យសិក្សា និងបឋមសិក្សា បានឈានជាប់ក្នុងTop ៥ នឹងបន្តឈានទៅការពារលើបទបង្ហាញបន្តដើម្បីគណៈកម្មការថ្នាក់ជាតិវាយតម្លៃផ្តល់ពិន្ទុចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង