Breaking News: ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធករណី «មេឃុំសន្លុង ស្រុកខ្សាច់កណ្តាល លក់ដីអាករឃុំរបស់រដ្ឋទំហំជិត៤ហិកតាបានលុយជិត២០ម៉ឺនដុល្លារ» លោក គួច ចំរើន សម្រេចចេញលិខិតបង្គាប់ការចាត់តាំងមន្ត្រីឲ្យចុះពិនិត្យ សិក្សាស្រាវជ្រាវហើយ!
(កណ្ដាល)៖ ក្រោយមានការចុះផ្សាយយ៉ាងព្រោងព្រាតថា «មេឃុំសន្លុង ស្រុកខ្សាច់កណ្តាល លក់ដីអាករឃុំរបស់រដ្ឋទំហំជិត៤ហិកតាបានលុយជិត២០ម៉ឺនដុល្លារ» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានសម្រេចចេញលិខិតបង្គាប់ការ លេខៈ ០០៣ ល.ប.កចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយចាត់តាំងមន្ត្រីដើម្បីចុះពិនិត្យ និងសិក្សាស្រាវជ្រាវហើយ។ នេះបើតាមលិខិតបង្គាប់ការដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
នៅក្នុងលិខិតបង្គាប់ការ លោក គួច ចំរើន បានចាត់តាំងសមាសភាព៖ ១. ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។ ២.លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្ត។៣. ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត។ ៤.លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ៥.លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត។ ៦.លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ៧. លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ ៨. លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត។ ៩. លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត។ ១០. លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត។ ១១. លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល។
នៅក្នុងលិខិតបង្គាប់ការលោកអភិបាលខេត្តបានបញ្ជាក់ច្បាស់ថា ប្រធានក្រុមការងារ មានសិទ្ធិអញ្ជើញសមាជិកពាក់ព័ន្ធចុះអនុវត្តការងារតាមការចាំបាច់។ ក្រុមការងារមានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងមានសិទ្ធិស្នើសុំ ប្រើប្រាស់មន្ត្រីក្រោមឱវាទបន្ថែមក្នុងករណីចាំបាច់។ ក្រោយចប់ភារកិច្ច ត្រូវបូកសរុបលទ្ធផលការងារ និងរៀបចំ របាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ហើយលិខិតបង្គាប់ការនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខារនេះតទៅ៕