សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរអ្នកដទៃ ជាកាតព្វកិច្ចសីលធម៌សម្រាប់យុវជន»

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃ៤ មីនានេះបានបញ្ជាក់ថា៖ ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិ របស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាពិសេសស្ត្រីភេទ។

ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ។

ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំង ទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូ របស់អ្នក ដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ។

ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕

អត្ថបទដែលជាប់ទាក់ទង