តាលីបង់ ចេញច្បាប់ថ្មី លែងឱ្យស្ត្រីនៅអាហ្វហ្គានីស្ថានរៀនថ្នាក់មហាវិទ្យាល័យតទៅទៀត
រដ្ឋាភិបាលតាលីបង់ បានដាក់ចេញច្បាប់ថ្មី ហាមប្រាមសិស្សស្រីនៅអាហ្វហ្គានីស្ថានឱ្យរៀនថ្នាក់មហាវិទ្យាល័យតទៅទៀត។
កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំនៃរដ្ឋាភិបាលតាលីបង់ បានចេញលិខិតប្រកាសដល់សាលារដ្ឋ និង ឯកជនទាំងអស់ រួមទាំងមហាវិទ្យាល័យនានាផងដែរថា ៖«អ្នកដែលត្រូវបានជូនដំណឹងនេះ នឹងត្រូវអនុវត្តលើការផ្អាកការសិក្សាសម្រាប់ស្ត្រីៗ រហូតដល់មានការជូនដំណឹងបន្ថែមនៅពេលក្រោយ»។
គួរបញ្ជាក់បន្ថែមដែរថា ការហាមប្រាមការសិក្សាថ្នាក់ខ្ពស់សម្រាប់ស្ត្រីនៅអាហ្វហ្គានីស្ថាននេះ ត្រូវបានប្រកាសឡើងត្រឹមពេលមិនដល់ ៣ ខែផង ក្រោយសិស្សស្រីរាប់ពាន់នាក់ នាំគ្នាទៅប្រឡងចូលមហាវិទ្យាល័យនោះ។ ភាគច្រើននៃស្ត្រីទាំងនោះ គឺចាប់យកជំនាញវិស្វករ សិល្បៈ និង ខាងពេទ្យ។
គួរឱ្យដឹងផងដែរថា កាលពីមុន មហាវិទ្យាល័យនានានៅអាហ្វហ្គានីស្ថាន បានដាក់ចេញច្បាប់វិន័យមួយចំនួនរួចមកហើយដូចជា បែងចែកថ្នាក់រៀនរវាងសិស្សប្រុស និង សិស្សស្រី ឬ សិស្សស្រី អនុញ្ញាតឱ្យរៀនតែជាមួយគ្រូស្រី ឬ គ្រូដែលមានវ័យចំណាស់តែប៉ុណ្ណោះ៕