ពីមួយឆ្នាំទៅមួយឆ្នាំពីមួយអាណត្តិទៅមួយអាណត្តិសមិទ្ធផលផ្សេងៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាបាននឹងកំពុងកើនឡើងជាលំដាប់

កណ្តាល៖ «ពីមួយឆ្នាំទៅមួយឆ្នាំពីមួយអាណត្តិទៅមួយអាណត្តិទាំងចំនួនសមាជិក-សមាជិកាគណបក្ស និងអគារស្នាក់ការគណបក្ស ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតរបស់គណបក្សបាននិងកំពុងកើនឡើងជាលំដាប់ ដែលទាំងអស់នេះគឺកើតចេញពីការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ប្រធានគណបក្ស និងការអនុវត្តផ្ទាល់របស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង»។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រែករកា។

នាឱកាសនោះ អ្នកឧកញ៉ាបានថ្លែងថា បងប្អូនប្រជាពលរដ្ឋទូទាំងឃុំអាចប្រើប្រាស់ទីតាំងស្នាក់ការគណបក្សឃុំព្រែករការ នេះបានគ្រប់ៗគ្នា នៅពេលដែលមានតម្រូវការដូចជា ពិធីអាពាហ៍ពិពាហ៍ កម្មវិធីបុណ្យ និងពិធីផ្សេងៗជាដើម។

គួរជម្រាបជូនថា សមិទ្ធផលជាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ និង សម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ដែលមានអ្នកចូលរួមប្រមាណជាង១០០០នាក់នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ផងដែរថា អគារស្នាក់ការគណបក្សនេះត្រូវបានសាងសង់ឡើងពីថ្មប្រក់ក្បឿង ទំហំ ១៣ម x ២៧ម ដែលចំណាយថវិកាអស់ប្រមាណជិត ៧០.០០០ ដុល្លារអាមេរិក។

ជាមួយគ្នានោះ អ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវអ្នកឧកញ៉ាបានពាំនាំនូវការផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដល់បងប្អូនសមាជិក-សមាជិកាគណបក្សទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ។

បន្ថែមលើការសាកសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា ក៏បាននាំយកនូវអំណោយរបស់ សម្ដេចតេជោ ជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ៧អង្គ ព្រមទាំងអង្ករចំនួន១០តោនប្រគល់ជូនគណបក្សឃុំ និងថវិកាមួយចំនួនទៀតចែកជូនគណបក្សឃុំ-ស្រុក កងកម្លាំង អនុវិទ្យាល័យ បឋមសិក្សា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសមាជិក-សមាជិកា ដែលអញ្ជើញចូលរួមជាង១០០០នាក់ រួមទាំងការចំណាយផ្សេងៗទៀត អស់ថវិកាសរុបប្រមាណជិត ២០០ លានរៀល៕

អត្ថបទដែលជាប់ទាក់ទង