សម្ដេចតេជោ ហ៊ុន សែន៖ ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២

ភ្នំពេញ៖ «ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន»។នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃចន្ទទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។សម្តេចបន្ថែមថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឱ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងទៀតថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អាណត្តិថ្មីរាជរដ្ឋាភិបាល ដាក់ចេញកម្មវិធីនយោបាយថ្មី គឺនយោបាយបច្ចកោណ មិនមែនចតុកោណទៀត។

គួរជម្រាបជូនផងដែរថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការ​ងារ​ថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញ​ការ​អនុ​វត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ​កោណ ដំណាក់កាលទី៤ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និង​កម្មវិធីកំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង