បណ្ឌិត ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ

ប៉ៃលិន៖ «នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ។ ដោយសារ “នយោបាយឈ្នះ-ឈ្នះ” ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬ តំបន់ណាមួយនោះ។ ដូច្នេះ យើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា យើងត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត»។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា បញ្ចប់ការសិក្សា ឬកំពុង បំពេញការងារនោះទេ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមាន ចំណូលខ្ពស់។ យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើង សុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង, ចំណេះធ្វើ, ជំនាញ និង គំនិតច្នៃប្រឌិត ហើបូករួមនឹង ឧត្តមគតិស្នេហាជាតិ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដើម្បីឱ្យកម្ពុជានៃយើង អាចឆាប់បានសម្រេចបានគោលដៅធំៗនានាកាន់តែឆាប់, យើងទាំងអស់គ្នាត្រូវ «មានឆន្ទៈ, ស្គាល់អត្តសញ្ញាណ និង មានក្តីសង្ឃឹម»៖ ទី១.មានឆន្ទ: គឺមានគោលដៅច្បាស់លាស់, មានកម្លាំងចិត្ត ដើម្បីជម្នះឧបសគ្គ និងការលំបាក សំដៅឆ្ពោះទៅសម្រេចគោលដៅ។ដូចគ្នានេះ មានឆន្ទ:ជួយបក្ស គឺមានគោលដៅធ្វើឱ្យបក្សកាន់តែខ្លាំង, កាន់តែរឹងមាំ និងកាន់តែអាចមានឱកាសបម្រើប្រជាពលរដ្ឋក្នុងរយ:ពេលយូរអង្វែង; ទី២.ស្គាល់អត្តសញ្ញាណ គឺស្គាល់ថាខ្លួនឯងជាអ្នកណា និងមានគុណតម្លៃអ្វី ខណៈដែលអត្តសញ្ញាណរបស់បក្ស គឺ «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»; ទី៣.មានក្ដីសង្ឃឹម គឺត្រូវតែមានសុទិដ្ឋិនិយមអំពីអ្វីដែលយើងកំពុងធ្វើ និងត្រូវធ្វើសកម្មភាពនានា ដើម្បីជ្រោមជ្រែងបក្ស, នាំបក្សទៅរកភាពជោគជ័យក្នុងការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផង៕

អត្ថបទដែលជាប់ទាក់ទង