ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា

 

ក្រចេះ៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ក៏មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅខេត្តក្រចេះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង៖ «ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់ការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។

ឯកឧត្ដមបណ្ឌិតបានប្រាប់ទៅសកម្មជនយុវជនគណបក្សទាំងអស់ត្រូវជំរុញផ្សព្វផ្សាយឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានផុសផុល និងពន្យល់អំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

ឯកឧត្ដមបានថ្លែងថា ជាង៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ក៏នឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ជាមួយនឹងការបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើន ជាពិសេសគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចអតីតកាល៕

 

អត្ថបទដែលជាប់ទាក់ទង