ប៉ូលីសភ្នំពេញវ៉ៃខ្នោះបញ្ជូនខ្លួនជើងខ្លាំងបេីកបុកសមត្ថកិច្ចទៅតុលាការហើយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានវ៉ៃខ្នោះបញ្ជូនបុរសម្នាក់ជាម្ចាស់រថយន្តបើកល្មេីសភ្លេីងសញ្ញាចរាចរណ៍ និងបានបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។
បើតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលេីមន្ត្រីអនុវត្តច្បាប់ តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មេីសភ្លេីងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបេីកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបេីកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃេីញដូច្នេះអ្នកបេីកបររថយន្តមិនព្រមឈប់ នៅតែបេីកបរទៅមុខរហូតដល់ចម្ងាយជាង ១ គីឡូ។ ដោយមាការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ។
គួរជម្រាបជូនថា ក្រោយពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់រថយន្តយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕