បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើងកំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ
ភ្នំពេញ៖ «ប្រទេសកម្ពុជាយើងកំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេសការរីកចម្រើនផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត។ ជាក់ស្តែង ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥ និងកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់»។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា បន្ថែមពីនេះ អ្វីដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះ គឺជីវិត ក្រពះ និងកិត្តិយស៖ ទី១.ជីវិត គឺសំដៅដល់ការយកចិត្តទុកដាក់អំពីហានិភ័យផ្នែកសុវត្ថិភាព សុខភាព និងបញ្ហាប្រឈមនានាដល់អាយុជីវិត ដូចជាជំងឺកូវីដ-១៩ ទី២.ក្រពះ គឺការស្វែងរកទាក់ទាញការវិនិយោគ ការពង្រីកទីផ្សារ និងអភិវឌ្ឍសមត្ថភាពជំនាញ សំដៅបង្កើនឱកាស និងពង្រឹងគុណភាពផ្នែកការងារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង និងទី៣.កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តធានានិរន្តរភាពនៃបរិស្ថានអំណោយផលសំខាន់ចំនួន៤ រួមមាន៖ ១.សន្តិភាព ស្ថិរភាព និងសន្តិសុខ ២.សិទ្ធិសេរីភាព ៣.បង្កើតការងារទាំងបរិមាណ និងគុណភាព និង៤.ការផ្តល់ការគាំទ្រ និងនិងពង្រឹងលទ្ធភាពក្នុងការទទួលបាននូវអត្ថប្រយោជន៍នានាសម្រាប់កម្មករ-និយោជិត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន៣សំខាន់ គឺ៖ ទី១.កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ទី២.ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម និងទី៣.ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ៕