នាយករដ្ឋមន្ត្រីកម្ពុជាណែនាំក្រសួងយុត្តុធម៌ឲ្យសិក្សាបង្កើតតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃចន្ទទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានណែនាំឯកឧត្ដម កើត រិទ្ធី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យសិក្សាបង្កើតឲ្យមានតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព, ទាំងបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីណែនាំឲ្យក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
ទន្ទឹមគ្នានោះដែរ សម្តេច ហ៊ុន សែន ណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល៕