នយោបាយ ឈ្នះ-ឈ្នះ ជួយឱ្យកម្ពុជារួចផុតពីសង្គ្រាមរ៉ាំរ៉ៃដែលអូសបន្លាយជាច្រើនទសវត្សរ៍

កណ្តាល៖ «នយោបាយ ឈ្នះ-ឈ្នះ បានជួយឱ្យប្រទេសជាតិយើងរួចផុតពីសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ និងបាននាំមកនូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ យើងទាំងអស់គ្នាអរគុណសន្តិភាព! យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព! យើងទាំងអស់គ្នាប្តូរផ្តាច់រក្សាការពារឱ្យបានថិតថេរនូវសុខសន្តិភាព ដែលទទួលបានមកដោយលំបាកនេះ!»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពសំរោងធំនិង សមិទ្ធផលនានា ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ជាការពិត សមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលសម្តេចតេជោបាននាំមកជូនប្រទេសជាតិនិងប្រជាជនកម្ពុជាយើង តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះ មានរយៈពេល២៥ឆ្នាំហើយ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិង ចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និង អាយុជីវិតប្រជាជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ប្រទេសយើងអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិជំងឺដ៏កាចសាហាវនេះ មកលើសង្គមសេដ្ឋកិច្ចបានយ៉ាងល្អ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ បើធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់ក៏ដូចជានៅលើសកលលោកទាំងមូល។ការណ៍នេះបានធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញពេញលេញ និងធ្វើឱ្យប្រជាជនអាចប្រកបមុខរបរ និងអាជីវកម្មផ្សេងៗបានជាធម្មតា;លោកយាយ, លោកតា, អ៊ុំ, ពូមីង និង បងប្អូន ក៏អាចជួបជុំគ្នាធ្វើបុណ្យទានដោយសប្បាយ-រីករាយ;ហើយក្មួយៗសិស្សានុសិស្ស ក៏អាចចូលរៀនធម្មតាឡើងវិញផងដែរ។បន្ថែមលើនេះ, នាអនាគតដ៏ខ្លី, យើងនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ, ដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយរបស់យើង ទៅកាន់ឃុំថ្មគរ, ស្រុកល្វាឯម, ជាផ្នែកមួយនៃគម្រោងផ្លូវលឿន ភ្នំពេញ-បាវិត, ដែលត្រូវបានប្រកាសបើកការដ្ឋាន កាលពីពេលថ្មីៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៧។ មិនតែប៉ុណ្ណោះ,សម្តេចតេជោ នាយករដ្ឋមន្រ្តីបានសម្រេចប្រើប្រាស់ថវិកាជាតិប្រមាណជាង២៣០លានដុល្លារអាម៉េរិកដើម្បីសាងសង់ស្ពាននេះ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពីព្រោះសម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយថវិកា ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពាននេះទេ។ ការអភិវឌ្ឍទាំងអស់នេះបានកំពុងព្រមទាំងនឹងនាំមកនូវភាពងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ការបង្កបង្កើនផល និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារ ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការដោះ-ស្រាយការលំបាក, ការកាត់បន្ថយភាពក្រីក្រ និងការជួយប្រជាពលរដ្ឋទាំងអស់ ឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តទៀតថា ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនៅតែចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាអាទិភាពខ្ពស់ ដែលប្រៀបបានទៅនឹងក្បាលរទេះភ្លើងអូសកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់កាត់បន្ថយភាពក្រីក្រជូនប្រជាជន ពីព្រោះ ហេដ្ឋារចនា- សម្ព័ន្ធ, ផ្លូវ-ស្ពាន, គឺជាសរសៃឈាមមេនៃសរីរាង្គសេដ្ឋកិច្ចរបស់ប្រទេស និង ជាមធ្យោបាយបែង-ចែកកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមទិសស្លោក របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែលើកឡើងជារឿយៗថា «មានផ្លូវ និង ស្ពាន, គឺមានក្តីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ»។

ទន្ទឹមគ្នានោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុក និង ឃុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

*ទី១-ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានប្រកបដោយតម្លាភាព, គណនេយ្យភាព និងយុត្តិធម៌, ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ចំពោះសំណូមពរ និងបញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួនត្រូវរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និងឆ្លើយតបឱ្យបានឆាប់ ទៅតាមលទ្ធភាពជាក់ស្តែង។ក្នុងករណីរដ្ឋបាលខេត្តមិនមានលទ្ធភាពដោះស្រាយ, សូមរាយការណ៍បន្តជូនក្រសួង-ស្ថាប័នពាក់ព័ន្ធតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីចាត់វិធានការបន្ត។

*ទី២-គណៈអភិបាលខេត្ត និងស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការបង្ក្រាប លែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ,បញ្ហាគ្រឿងញៀន, ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។ទន្ទឹមនេះ, ប្រជាពលរដ្ឋ, ពិសេសយុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និងប្រទេសជាតិរបស់យើង។

*ទី៣-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាពនិង គណនេយ្យភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ចំពោះការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ, រដ្ឋបាលស្រុកត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង,ចាត់ចែង និងផ្តល់ការគាំទ្រពេញលេញដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលកាន់តែងាយ-ស្រួល និងកាន់តែឆាប់, ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

*ទី៤-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និងដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និងវត្តអារាម ព្រមទាំងបំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើនៅលើដីទំនេរក្នុងបរវេណផ្ទះ ដើម្បីលើកសម្រស់សោភ័ណភាពភូមិ/ឃុំរបស់យើង,បង្កើនគម្រងបៃតង និងចូលរួមទប់ស្កាត់ការឡើងកំដៅផែនដី និង ការប្រែប្រួលអាកាស-ធាតុផងដែរ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់កុំចោលសំរាមពាសវាលពាសកាលដើម្បីចូលរួមរក្សាអនាម័យ និងសោភ័ណភាពភូមិដ្ឋានរបស់យើងក៏ដូចជាចូលរួមថែរក្សាផ្លូវរបស់យើងកុំឱ្យមានបញ្ហាស្ទះលូផងដែរ ។

*ទី៥-បន្ទាប់ពីយើងបានកសាងអគារមណ្ឌលសុខភាពដ៏ស្រស់ស្អាត និងធំទូលាយនេះហើយ, ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនៃមណ្ឌលសុខភាព, ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលបម្រើការងារនៅទីនេះ នឹងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាអនាម័យ និង សោភ័ណភាពអគារទាំងមូលក៏ដូចជាការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យបានកាន់តែប្រសើរ ប្រកបដោយវិជ្ជាជីវៈ ។

*ទី៦-សូមប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប. ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបជូនថា ក្នុងពិធីខាងលើនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរនិង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយទាំងមូល ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល។ ជានិច្ចកាល សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខនិង ជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។

គួរជម្រាបជូនថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនាថ្ងៃនេះរួមមាន៖

*១-អគារមណ្ឌលសុខភាពសំរោងធំ,បណ្តោយ ៣៦,៦ ម៉ែត្រ និងទទឹង៨,៨៥ម៉ែត្រ, កម្ពស់២ជាន់, ចែកជា១២បន្ទប់, និង គ្រឿងបរិក្ខារនានា, ដែលត្រូវបានសាងសង់លើផ្ទៃដីអតីតស្រះទឹក, ទំហំ ៦៨,៥ ម៉ែត្រ x ៣២,៥ ម៉ែត្រ, ស្ថិតនៅទល់មុខអគារមណ្ឌលសុខភាពចាស់, ដោយចំណាយអស់ថវិកាចំនួនប្រមាណ ៣៣ ម៉ឺនដុល្លារអាម៉េរិក។

*២.អគារផ្នែកពិនិត្យជំងឺកុមារ, របងមណ្ឌលសុខភាព, បន្ទប់ទឹក និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមណ្ឌលសុខភាពសំរោងធំ, ដោយចំណាយអស់ថវិកាចំនួនប្រមាណជាង ៥ ម៉ឺនដុល្លារ អាម៉េរិក ។

*៣.ផ្លូវលំក្នុងឃុំសំរោងធំ ចំនួន ៣២ ខ្សែ, ប្រវែងសរុបចំនួន ១០ ៣៧៤ ម៉ែត្រ, និង លូរំដោះទឹក ចំនួន ៨ ខ្សែ, ប្រវែងសរុបចំនួន ១ ៨៧៧ ម៉ែត្រ, ដោយចំណាយអស់ថវិកាចំនួនប្រមាណជាង ១០ ម៉ឺនដុល្លារអាម៉េរិក។ សរុបថវិកាចំណាយទាំងអស់ចំនួនប្រមាណ៥០ម៉ឺនដុល្លារអាម៉េរិក៕

 

 

 

អត្ថបទដែលជាប់ទាក់ទង