ពិតជាខ្លាំងមែន, កូនប្រសារប្រុសម្នាក់នៅស្រុកអង្គស្នួលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិម្ដាយក្មេកមិនអស់ចិត្ត ចង់ដកតំណែងមេប៉ុស្តិ៍ក្រាំងម្កាក់ចោលទៀត
កណ្ដាល៖ រឿងរាវនៅក្នុងគ្រួសារមួយដែលតែងតែភាគីខាងប្ដីធ្លាប់ជេរប្រមាថ ហើយប្រើនូវអំពើហិង្សាទៅលើប្រពន្ធនិងម្ដាយក្មេក និងវាយកំទេចទ្រព្យសម្បត្តិរហូតដល់ប្រពន្ធសម្រេចចិត្តចាកចេញពីផ្ទះ ហើយមានសំណុំរឿងផ្ដាច់សង្វាស់ មកដល់តុលាការខេត្តកណ្ដលនៅមិនទាន់ស្រេចបាច់ផងដែរ ស្រាប់តែកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤០នាទី នៅចំណុចផ្ទះស្ត្រីឈ្មោះ យ៉ែម ផល្លា អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានផ្ទុះនូវអំពើហឹង្សា វាយបោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយរឹបអូសយកម៉ូតូរបស់ស្រ្តីខាងលើអស់១គ្រឿងទៀត ព្រមទាំងជេរប្រមាថទៅលើស្រ្តីខាងលើនោះថែមទៀត។នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះខាងលើបានសម្រេចចិត្តទំលាយរឿងរ៉ាវនិងបានរៀបរាប់ប្រាប់ដល់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា គាត់តឹងទ្រូងយ៉ាងខ្លាំងស្ទើរតែទ្រាំពុំបាន ដោយសារកូនប្រសារឈ្មោះ យិន បូរ័ត្ន ដែលតែងតែអុកលុកឌៀមដាម ហើយជេរប្រមាថមកដល់រូបគាត់សឹងតែរាល់ថ្ងៃរាល់ពេល ដែលស្រវឹង ជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាចខ្លាំងណាស់ រហូតដល់ល្ងាចថ្ងៃខែឆ្នាំខាងលើ លោក រ័ត្ន រូបនោះ ដើរមកជេរប្រមាថគាត់ព្រមទាំងទាញយកធុងទឹកកកដែលមានចាប់ហួយនៅក្នុងនឹង បោកកំទេច ហើយទាញយកម៉ូតូអស់១គ្រឿងចេញពីផ្ទះរបស់គាត់ទៅបាត់ថែមទៀត។
បើតាមស្ត្រីរងគ្រោះឈ្មោះ យ៉ែម ផល្លា បានឲ្យដឹងថា មិនតែប៉ុណ្ណោះទេ លោក យិន បូរ័ត្ន បានគម្រាមថានឹងបំផ្លិចបំផ្លាញគាស់ជញ្ជាំងផ្ទះ និងទ្វារ កំទេចចោលនៅថ្ងៃខាងមុខថែមទៀត។ ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា ហើយរឿងរ៉ាវទាំងអស់ខាងលើ ក៏ដោយសារការលែងលះនៅមិនទាន់ដាច់ស្រេចជាមួយកូនស្រីរបស់គាត់ឈ្មោះ ផន ផល្លី ដែលសំណុំរឿងត្រូវបានឡើងមកដល់តុលាការខេត្តកណ្ដាលហើយ។
បើយោងតាមសម្ដីរបស់លោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំក្រាំងម្កាក់បានឲ្យដឹងដែរថា លោកទៅមិនទាន់ទេ ពេលលោក យិន បូរ័ត្ន យកម៉ូតូចេញពីផ្ទះម៉ែក្មេកទាំងបីយ៉ាងនោះ គឺម៉ូតូ តុ និងធុងទឹកកក ប៉ុន្តែសម្ភារ:ទាំងអស់នោះជារបស់លោក រ័ត្ន ដែលគាត់ឲ្យទៅម៉ែក្មេក ហើយការយករបស់របរចេញនោះ ដោយសារលោក យិន បូរ័ត្ន មានចិត្តខឹងម៉ែក្មេកពង្រាត់ ឬបំបែកបំបាកប្រពន្ធឲ្យចេញពីជីវិតគាត់ ទើបគាត់ខឹងជេរប្រមាថយ៉ាងដូឆ្នេះ ហើយពេលខ្ញុំទៅដល់សួតនាំនិងកត់កំណត់ហេតុសួរនាំទៅជនរងគ្រោះគឺស្ត្រី យ៉ែម ផល្លា ឆ្លើយថា ជារបស់របរ របស់លោក រ័ត្ន ពិតមែន តែបានឲ្យគាត់យូរហើយ។ ដូច្នេះខ្ញុំ (មេប៉ុស្តិ៍)ក៏សម្របសម្រួលថា បើជារបស់គេឲ្យគេវិញទៅ កុំឲ្យជាប់កម្មពៀរ បើវារញ៉េរញ៉ៃអញ្ចឹងហើយ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា នៅក្នុងខណ:នោះដែរ លោក យិន បូរ័ត្ន បានជេរប្រមាថ និងគំរាមកំហែងខ្ញុំ ហើយចង់ដកតំណែងលោកឲ្យចេញពីមេប៉ុស្តិ៍ថែមទៀត ប៉ុន្តែខណ:ពេលនោះដែរលោកមិនបានតបតទៅលោក រ័ត្ន វិញក៏ដោយសារ លោកបានទទួលបទបញ្ជារពីលោក មាន សំណាង អធិការថាកុំឲ្យតបត ពីព្រោះវាស្រវឹងហើយ មិនតែប៉ុណ្នឹងទេ វាបានតេទៅដល់លោកស្នងការថែមទៀត សូមលោកការសែតពិចារណាមើល[…]សូម្បីតែទ្វារដែលវាឲ្យទៅម៉ែក្មេកពេលធ្វើផ្ទះនោះ ក៏វាចង់គាស់យកទៅវិញដែរ រឿងវាអញ្ចឹងទេ។
គួររម្លឹកពាក្យចាស់បុរាណមួយឃ្លា លោកពោលថា បើឲ្យគេហើយ កុំយកវិញ ប្រយ័ត្នគេវ៉ៃឬស្សីពកក៕ ដោយ៖ ការីនិពន្ ធ