ឃាតករថា រាល់ពេលឃើញរូបគេដើរក្បែរស្ត្រីជាសពរងគ្រោះតែងតែខាកស្តោះ ហាក់ដូចជាខ្ពើមរអើមខ្លួន ទើបកាប់សម្លាប់ទាំងម្ដាយទាំងកូនចោលទៅ
កំពង់ស្ពឺ៖ នៅទីបំផុត, ឈាមស្រែកស្បែកហៅ ជនដៃដល់ជាឃាតករដែលយកកាំបិតកាប់សន្ធាប់លើស្ត្រីវ័យក្មេងជាម្តាយនិងកូនតូចអាយុទើប១ខួប កំពុងដេកនៅក្នុងអង្រឹងនោះឲ្យស្លាប់យ៉ាងសាហាវព្រៃផ្សៃក្នុងថ្លុកឈាម ពេលនេះត្រូវបានកម្លាំងប៉ូលិសចាប់ឃាត់ខ្លួនវ៉ៃខ្នោះបានហើយ។ ដែលការឃាត់ខ្លួនឃាតករនេះ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចជើងភ្នំកក់ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមប៉ូលិសស្រុកបសេដ្ឋបានឱ្យដឹងថា ជនដៃដល់ជាឃាតករមានឈ្មោះ ឡាយ ទ្រី អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា ការចុះឃាត់ខ្លួនឃាតករខាងលើនេះ ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានដឹកនាំកម្លាំងសហការស្រាវជ្រាវរហូតតាមចាប់ជនល្មើសបាននិងបញ្ជូនមកអធិការដ្ឋានគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរនាំ។
ឃាតករបានសារភាពថា ជនរងគ្រោះដែលជាស្ត្រីវ័យក្មេងជាម្តាយកូនតូចអាយុ ១ខួប ឲ្យតែរាល់ពេលឃើញរូបគេដើរក្បែរខ្លួនតែងតែខាកស្តោះ ហាក់ដូចជាខ្ពើមរអើម ទើបរូបគេឃើញឱកាសល្អនៅថ្ងៃកើតហេតុក៏ទាញកាំបិតកាប់សន្ធាប់ជាច្រើនកាំបិតលើស្ត្រីជាម្តាយស្លាប់ រួចកាប់កូនតូចអាយុ១ខួប នៅក្នុងអង្រឹងស្លាប់ យកទៅបោះចោលក្បែរគល់ចេកតែម្តង។ រួចយកកាំបិតទៅលាក់ទុកក្បែរកន្លែងកើតហេតុ រត់គេចឡើងលើភ្នំសំងំបានមួយយប់ នគរបាលព័ទ្ធចាប់បានតែម្តងទៅ។
សូមរំរឹកថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីឃាតកម្មនៅចំណុចភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួប ត្រូវបានជនល្មើសធ្វើសកម្មភាពកាបប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
បើតាមសមត្ថកិច្ចថា មូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សម្លាប់ម្ដាយ និងកូនតូចយ៉ាងសាហាវព្រៃផ្សៃយ៉ាងឃោឃៅនេះ ដោយសារគំនុំ ក្នុងនោះប្រវត្តិជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ៕