ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសំពៅពូន 

កណ្តាល៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំពៅពូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​ បើកការរដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ក្នុងក្រុងសំពៅពូន​ ស្ថិតនៅភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន​ ខេត្តកណ្តាល ដែលគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២៦៦ ៧៨៩ដុល្លារ។

ពិធីបើកការដា្ឋននេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ ប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកណ្តាល​ និងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ អគារដែលត្រូវសង់មានទំហំ ១២ម៉ែត្រ គុណនឹង ៣៨ម៉ែត្រ កម្ពស់១ជាន់ និងដំបូលប្រក់ក្បឿង។ អគារនេះមានកម្ពស់សរុប១៥ម៉ែត្រលើកនីវ៉ូផុតពីផ្លូវកម្ពស់៦តឹក នឹងមានកម្ពស់ជាន់នីមួយៗដូចខាងក្រោម៖ ជាន់ផ្ទាល់ដី ទៅជាន់ទី០១ មានកម្ពស់៣,៨០ម៉ែត ជាន់ទី០១ ទៅទល់នឹងពិដាន មានកម្ពស់ ៤,៥០ម៉ែត្រ ដំបូលមានកម្ពស់ ៥,០ម៉ែត្រ

អគារនេះត្រូវបានបែងចែកសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងាររដ្ឋបាលមានដូចជា៖ ជាន់ផ្ទាល់ដី បែងចែកជា០៦បន្ទប់ បន្ទប់វីអាយភី០១ មានទំហំ៤៧ម៉ែត្រក្រឡា និងបន្ទប់ទឹកផ្ទាល់១ បន្ទប់វីអាយភី០២ មានទំហំ៣៥ម៉ែត្រក្រឡា និងបន្ទប់ទឹកផ្ទាល់១ បន្ទប់ប្រជុំធំមួយមានទំហំ ៦០ម៉ែត្រក្រឡា បន្ទប់រដ្ឋបាលទូទៅចំនួន០៣ ដែលមានផ្ទៃក្រឡាសរុបចំនួន៨៨ម៉ែត្រការ៉េ បន្ទប់សម្រាប់ផ្ទុកទំនិញផ្សេងៗទំហំ ២៨ម៉ែត្រក្រឡា និងបន្ទប់ទឹកសាធារណៈ ដែលមានខណ្ឌចែកបន្ទប់ប្រុសស្រី សរុប០៥បន្ទប់ មានផ្ទៃសរុប៤២ម៉ែត្រការ៉េ រួមទាំងជណ្តើរជើងចំនួន០២ សម្រាប់ឡើងទៅជាន់ទី១។

ជាន់ទី១ ជាជាន់សម្រាប់ការប្រើប្រាស់ទៅលើការជួបជុំសមាជិកសមាជិការគណបក្ស ដែលត្រូវបានបែងចែកដូចជា៖ បន្ទប់វីអាយភី សម្រាប់ការរង់ចាំរបស់គណៈអធិបតី និងមន្ត្រីអមប្រតិភូ មានទំហំ២០ម៉ែត្រការ៉េ វេទិកាសម្រាប់គណៈអធិបតីថ្លែងសុន្ទរកថា និងសំណេះសំណាលសមាជិកសមាជិការបស់គណបក្ស បន្ទប់សាលប្រជុំទំហំ៣៣០ម៉ែត្រការ៉េ ដែលអាចផ្ទុក និងដាក់កៅអីអង្គុយបានសរុបចំនួន ៣០៦នាក់ បន្ទប់គ្រប់គ្រងប្រព័ន្ធបច្ចេកទេសសំឡេងចំនួនមួយបន្ទប់ ទំហំ១០ម៉ែត្រការ៉េ។

ដំបូលប្រក់ក្បឿងពីរតង់ និងដំបូលកាត់ទទឹងមានហោរជាងបែរតម្រង់ទៅច្រកចូលនាទិសខាងជើងមានរំលេចរូបឡូហ្គោគណបក្ស និងរចនាម៉ូដកន្ទុយហង្ស និងកន្ទុយនាគនៅចុងដំបូល ផ្សំជាមួយក្បឿងផ្ទៃពណ៌ខៀវ លេចយ៉ាងស្រស់ប្រណីត។

គម្រោងអគារទីស្នាក់ការគណបក្សនេះត្រូវបានចំណាយថវិកាប្រើប្រាស់សរុបចំនួន ២៦៦ ៧៨៩ដុល្លារ ដែលមានបែងចែកទៅលើការងារចំនួនពីរប្រភេទដូចខាងក្រោម៖ ចំណាយទៅលើការសាងសង់អគារ អស់ថវិកាចំនួន ២៣៣ ៨២៨ ដុល្លារ ចំណាយទៅលើការសាងសង់របង និងក្លោងទ្វារ អស់ថវិកាចំនួន ៣២ ៩៧០ដុល្លារ។

នាឱកាសនោះដែរ បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានរួច ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពសមិទ្ធផលការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង