បទអត្ថាធិប្បាយ៖ ការលាតត្រដាងពីភាពជោគជ័យ នៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) របស់សម្តេច ហ៊ុន សែន
ភ្នំពេញ៖ ការប៉ិនប្រសប់ខាងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបំបែកកំណត់ត្រាជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអាស៊ីអាគ្នេយ៍នៅតែបង្ហាញឱ្យឃើញតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រដ៏ជោគជ័យនិងយ៉ាងប៉ិនប្រសប់ដែលគេស្គាល់ថាជាយុទ្ធសាស្ដ្រ៖ «បំបែក(Divide) ធ្វើឱ្យឯកោ(Isolate) បញ្ចប់(Finish) ធ្វើសមាហរណកម្ម(Integrate) និងអភិវឌ្ឍ(Develop)» ឬហៅកាត់ថា ឌីហ្វីដ (DIFID) ដែលត្រូវបានអនុវត្តជាលើកដំបូងប្រឆាំងនឹងពួកខ្មែរក្រហម។ ការអនុវត្តយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) គឺជាការបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក។ ទិដ្ឋភាពនយោបាយកម្ពុជាបច្ចុប្បន្ន កំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយកំពុងដឹកនាំប្រទេសនេះ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីនៃ ស្ថិរភាព ឯកភាព និងវិបុលភាព។
យុទ្ធសាស្ត្រឌីហ្វីដ (DIFID) គឺជាយុទ្ធវិធីដ៏មានប្រសិទ្ធភាពខ្ពស់ប្រកបទៅដោយភាពជាក់ស្ដែង និង ជាក់លាក់ ដែលបានអនុវត្តនិងនាំឱ្យមានការរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមនេះ។ ធាតុផ្សំសំខាន់ៗនៃយុទ្ធសាស្ដ្រនេះ រួមមាន៖ ការកាត់ផ្ដាច់បក្សពួកនៃក្រុមឧទ្ទាមកាចសាហាវចេញពីក្រុមផ្សេងទៀត ការបង្កើតសម្ព័ន្ធភាព និងចុងក្រោយ គឺការជួយសម្របសម្រួលរហូតឈានដល់ការទទួលបានសន្តិភាពពេញលេញ។ ភាពជោគជ័យនៃយុទ្ធសាស្ដ្រនេះត្រូវបានពង្រីកវិសាលភាពនៃការអនុវត្តទៅលើទិដ្ឋភាពនៃនយោបាយបច្ចុប្បន្នទៅលើក្រុមនយោបាយប្រឆាំង ជាពិសេសគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា។
ធាតុផ្សំ «បែងចែក» (Divide) នៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) បានលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០១៧ តាមរយៈការរំលាយគណបក្សសង្រ្គោះជាតិ ក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិដោយសម្អាងថា មេដឹកនាំនៃបក្សនេះបានឃុបឃិតជាមួយសហរដ្ឋអាម៉េរិកប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការចោទប្រកាន់ខាងលើ បានធ្វើឱ្យមានការបែកបាក់គ្នាខាងមនោគមវិជ្ជា ក្នុងចំណោមក្រុមប្រឆាំង។ ក្រុមមួយចំនួននៃបក្សនេះបានសម្របខ្លួនតាមមេដឹកនាំ ឯមួយចំនួនទៀតមានគោលបំណងបង្កើតលំហនយោបាយដោយខ្លួនឯង ដែលបណ្តាលឱ្យមានការប្រេះស្រាំនៃឥទ្ធិពលរបស់គណបក្ស។ ប្រសិទ្ធភាពនៃវិធីសាស្រ្តរបស់លោក ហ៊ុន សែន គឺមិនអាចប្រកែកបាន ដែលបានត្រួសត្រាយមាគ៌ាកាន់តែរលូនសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាជំហរនយោបាយដ៏រឹងមាំរបស់ខ្លួន។
ដំណាក់កាលបច្ចុប្បន្នដែលឈានទៅដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ អាចត្រូវបានកំណត់ថាជាដំណាក់កាល «ធ្វើសមាហរណកម្ម» (Integrate) នៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0)។ ការវិវឌ្ឍគួរឱ្យកត់សម្គាល់មួយបានលេចរូបរាងឡើង ស្របពេលដែលអតីតមេដឹកនាំនិងអ្នកគាំទ្រគណបក្សប្រឆាំងបានចុះចូលបង្កើតសម្ព័ន្ធមេត្រីភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការធ្វើសមាហរណកម្មនេះ តំណាងឱ្យការលុបបំបាត់នៃនិន្នាការប្រឆាំងជ្រុលនិយម និងបង្ហាញពីសេចក្តីប្រាថ្នារួមសម្រាប់ភាពសុខដុមនីយកម្ម និងវឌ្ឍនភាពនៅកម្រិតថ្នាក់ជាតិ។ ទិដ្ឋភាពនេះបង្ហាញពីភាពប៉ិនប្រសប់ខាងនយោបាយរបស់លោក ហ៊ុន សែន និងបង្ហាញពីទស្សនវិស័យវិជ្ជមានប្រកបដោយបរិយាប័ន្នសម្រាប់អនាគតដ៏រឹងមាំរបស់កម្ពុជា។ គម្រោងការនេះ បច្ចុប្បន្នបានឈានចូលដល់ដំណាក់កាល «អភិវឌ្ឍ» (Develop)។ តាមរយៈការព្យាករណ៍គណបក្សប្រជាជនកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ ហើយវាគឺជាតឹងតាងបង្ហាញថាគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) បានឈានដល់ការសម្រេចគោលដៅដ៏សំខាន់បំផុត។ ស្ថានភាពប្រេះស្រាំ និងបែកបាក់របស់គណបក្សប្រឆាំង បង្កើតបានជាកាលានុវត្តភាពសម្រាប់រាជរដ្ឋាភិបាលក្នុងការប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង និងធនធានរបស់ខ្លួនសម្រាប់ការលើកកម្ពស់វឌ្ឍនភាពជាតិ។ នេះរួមបញ្ចូលទាំងការបង្កើតគោលនយោបាយ ដែលនឹងជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការកែលម្អសេវាសង្គម និងការពង្រឹងជំហររបស់កម្ពុជាលើឆាកអន្ដរជាតិ។
ស្របពេលដែលមានមតិរិះគន់ខ្លះបានលើកឡើងថាការអនុវត្តយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) គឺជាយុទ្ធសាស្ត្រអាជ្ញានិយម(ផ្ដាច់ការនិយម) ខ្ញុំសូមបញ្ជាក់ថា វាគឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រ។ នៅក្នុងពិភពនយោបាយ ដែលថាមវន្តអំណាចមិនអាចទាយទុកជាមុនបាន វត្តមាននៃភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងអាចទុកចិត្តបាន គឺចាំបាច់ណាស់។ រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន កំពុងផ្តល់ស្ថិរភាព និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពយូរអង្វែង។
គោលបំណងនៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) គឺមិនមែនដើម្បីរំលាយក្រុមប្រឆាំងក្នុងគោលបំណងទទួលបានអំណាចនោះទេ ប៉ុន្តែគឺដើម្បីលើកកម្ពស់សាមគ្គីភាព វឌ្ឍនភាពជាតិ។ គោលបំណង គឺដើម្បីបង្រួបបង្រួមអ្នកពាក់ព័ន្ធនយោបាយទាំងអស់ បង្កើតបានជាកម្លាំងសមូហភាព ដើម្បីកម្ពុជាសម្រាប់ទាំងអស់គ្នា។ ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះ អាចត្រូវបានគេវាយតម្លៃដោយផ្អែកលើភាពប្រសើរឡើងនៃស្ថិរភាពនយោបាយកម្ពុជា និងគន្លងឆ្ពោះទៅមុខនៃសមាហរណកម្មនយោបាយ។
មួយរយៈពេលចុងក្រោយនេះ ការបែកខ្ញែកនយោបាយនៅក្នុងប្រទេសកម្ពុជា គឺកំពុងតែថមថយកម្ដៅ។ ការលេចឡើងនៃយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) បានត្រួសត្រាយផ្លូវសម្រាប់ទិដ្ឋភាពនយោបាយប្រកបទៅដោយន័យស្ថាបនា ដែលក្នុងនោះអ្នកនយោបាយទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។ នៅពេលយើងសម្លឹងឆ្ពោះទៅអនាគត ភាពប៉ិនប្រសប់នៃយុទ្ធសាស្ត្រយុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) របស់លោក ហ៊ុន សែន គឺកំពុងបញ្ចេញរស្មីភ្លឺចែងចាំង។ វាជាសញ្ញានាំផ្លូវដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយសុខដុមនីយកម្ម និងវិបុលភាព។
ដូច្នេះ ចូរយើងទុកចោលមួយឡែកនូវភាពលំអៀងរបស់យើង ហើយវាយតម្លៃការពិតថា យុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) បាននាំមកនូវស្ថិរភាព ឯកភាព និងវឌ្ឍនភាព។ យុទ្ធសាស្ដ្រនេះ បានប្រែក្លាយទិដ្ឋភាពនយោបាយកម្ពុជាឱ្យកាន់តែភាពល្អប្រសើរឡើង។ វាជាសក្ខីភាពឆ្លុះបញ្ចាំងពីចក្ខុវិស័យដឹកនាំដ៏វែងឆ្ងាយរបស់ លោក ហ៊ុន សែន និងស្មារតី ជាអចិន្ដ្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។ ជាការពិតណាស់ ភាពជោគជ័យរបស់យុទ្ធសាស្ដ្រឌីហ្វីដជំនាន់ទី២ (DIFID 2.0) គឺជាជោគជ័យរបស់កម្ពុជា៕
ដោយ៖ គី មេងហ៊ត បញ្ញាវន្ដថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង
អន្តរជាតិនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី