នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសផ្អាកផ្តល់ព័ត៌មានលើ Facebook ប្តូរមកផ្តល់តាម Telegram វិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសផ្អាកផ្តល់ព័ត៌មាននានានៅFacebook ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើសារតាម Telegram យ៉ាងដូច្នេះ «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយ​ផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង ៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះ ងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើ
ដំណើរទៅប្រទេសមួយចំនួន ដែលប្រទេសនោះមិនអនុញាតឱ្យ​ប្រើ​Facebook»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំរក្សា Facebook របស់ខ្ញុំ តែខ្ញុំផ្អាកប្រើ ដើម្បីឱ្យអ្នកធ្លាប់ទទួល​ព័ត៌មាន​ពី​ខ្ញុំ​មកទទួលព័ត៌មានពីខ្ញុំតាម telegram, YouTube, instagram,។ ខ្ញុំកំពុងឲ្យបង្កើត Tik tok មួយ ដើម្បីខ្ញុំលេងកម្សាន្តជាមួយយុវជន។បងប្អូនដែលចង់បានព័ត៌មានពីខ្ញុំសូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់»

សម្តេចបានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។ មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នកចុច Like និង Follow ប្រមាណជា ១៤លាននាក់។
តាមរយៈបណ្តាញសង្គមទាំងនេះ សម្តេចតេជោតែងតែផ្សារភ្ជាប់នូវសកម្មភាពការងារនានាជាមួយប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង