អ្វីដែលសម្ដេចតេជោ ហ៊ុន សែន ចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ
កណ្តាល៖ «អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតជាមួយកម្មករ។ សម្តេចបន្តថា ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា»។ នេះជាការថ្លែងបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះក្នុហសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលនេះ។ សម្តេចបន្តថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានាជាបន្តទៀត។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។ សម្តេចតេជោអត់មានប្រសាសន៍បន្តទៀតថាគោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ទាក់ទងទៅនឹងបញ្ហាសន្តិសុខសង្គម សម្តេចតេជោផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ដែលជាព័ត៌មានក្លែងក្លាយ។
ក្នុងពិធីជួបសំណេះសំណាលខាងលើ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង ៨៥ ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។
សម្តេចតេជោបានជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ សម្រាប់១ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។សម្តេចតេជោក៏បានប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ១ម៉ឺនគ្រែ៕