សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់ក្រសួងសាធារណការឱ្យខិតខំអនុវត្តគម្រោងផ្លូវនាវាចរណ៍ថ្មី “ព្រែកជីកហ្វូណនតេជោ”

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យខិតខំបន្តអនុវត្តនូវគម្រោងធំៗ និងគម្រោងជាប្រវត្តិសាស្ត្រទាំងឡាយដែលបានប្រកាសដាក់ចេញ ជាពិសេសគម្រោងផ្លូវនាវាចរណ៍ថ្មី “ព្រែកជីកហ្វូណនតេជោ” ដែលជាគំនិតផ្តួចផ្តើមមួយដ៏ល្អ និងមានសារៈប្រយោជន៍ដ៏ធំធេងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមពីគម្រោងជាប្រវត្តិសាស្ត្រនេះ។សម្ដេចក៏បានស្នើឱ្យបន្តខិតខំអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់លើការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពានគ្រប់ប្រភេទ និងជំរុញឆ្លើយតបទៅនឹងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាយើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការថ្លែងជំរុញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នារសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “សាលសហសិក្សាតេជោសែន” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីដ៏មានសារះសំខាន់នោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការបង្កើនសមត្ថភាពធនធានមនុស្ស នេះត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលចំនួន ៣កម្រិត រួមមាន៖ ទី១.កម្រិតវិស្វករ និង បណ្ឌិត ទី២.កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និងទី៣.ការបណ្តុះបណ្តាលជំនាញផ្នែកទន់

ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់តាំងពីការបើកដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅក្នុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលនិស្សិតទាំង៣ជំនាន់ ចំនួន ៤៣៧នាក់ (ស្រី១៧៧នាក់) បានផ្ដល់អាហារូបករណ៍១០០% ដល់និស្សិតឆ្នើមចំនួន១០១នាក់ និងអាហារូបករណ៍៥០% ដល់និស្សិតជានារី ចំនួន ១៣៣នាក់ និងបានបើកថ្នាក់បំប៉នភាសាអង់គ្លេសជូននិស្សិតដោយឥតគិតថ្លៃ។ បន្ថែមពីលើនេះ វិទ្យាស្ថានតេជោសែន ក៏បានពង្រីកភាពជាដៃគូជាមួយស្ថាប័នអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដៃគូផ្សេងៗ តាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងផ្តល់កិច្ចសហការ និងការផ្លាស់ប្តូរ បទពិសោធន៍និងកម្មវិធីសិក្សាទៅវិញទៅមក។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមទៀតថា សាលសហសិក្សាតេជោសែន គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់ រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ សាលនេះ មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់។ នៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។ការសាងសង់សាលសហសិក្សានេះ បានចំណាយថវិកាអស់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក ដែលជាប្រភពមូលនិធិចូលរួមពីសប្បុរសជននានា។រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ការបង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យមួយនេះ គឺជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមានសមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។

ក្នុងពិធីសម្ពោធខាងលើនោះ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានសង្ឃឹមហើយជឿជាក់ថា សាលសហសិក្សាដ៏ទំនើបមួយខ្នងនេះ នឹងចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលសមត្ថភាព និងការពង្រឹងគុណភាពនិស្សិត និងមន្ត្រីរាជការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងពិតប្រាកដ។

ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានឆ្លៀតយកឱកាសនេះជំរុញឱ្យក្មួយៗនិស្សិត ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ខិតខំយកចិត្តទុកដាក់រៀនសូត្រ អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ហើយសូមចូលរួមគាំទ្រវិស័យកីឡា និងលេងកីឡាឱ្យបានគ្រប់ៗគ្នា ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់ លេងកីឡាមួយមុខ»ដើម្បីទទួលបានសុខភាពល្អ សាមគ្គីភាព និងបើអាចគឺនាំគ្នាចូលរួមប្រកួត ដណ្តើមជ័យលាភីជូនជាតិមាតុភូមិយើង ដូចក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៦២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង