សម្ដេចតេជោ៖ «ខ្ញុំ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ…»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣បានថ្លែងថា «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ»។

សម្ដេចតេជោ បានថ្លែងបន្តថា ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺ
ណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា «ខ្ញុំ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ
២០២៣ដោយគ្មានការកែប្រែ»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ។

គួរជម្រាបជូនថា បន្ទាប់ពីប្រមុខរដ្ឋាភិបាលសម្រេចលុបវិទ្យុ VODចោលជាផ្លូវការ ក៏មានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងជាតិនិងឯកជនបានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

សូមគាំទ្រចំពោះសារព័ត៌មានភាគច្រើនដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប៉ុន្តែមិនគាំទ្រចំពោះសារព័ត៌មានដែលនិយាយ មិនទទួលខុសត្រូវនោះទេ ជាពិសេសមិនគាំទ្រសារព័ត៌មានដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចជ្រកក្រោម ផ្លាកសារព័ត៌មានក្នុងគោលបំណងញុះញង់បង្កការបែកបាក់ឯកភាពជាតិ។

សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង