បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត «មានផ្លូវ មានស្ពាន មានសង្ឃឹម»

ភ្នំពេញ៖ រាជរដ្ឋាភិបាលតែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ម៉ែត្រ ទទឹងប្រវែង ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ការលេចចេញជារូបរាងនៃសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាគឺមិនមែនកើតចេញដោយងាយៗនោះទេ គឺកើតចេញពីគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងកម្លាំងសាមគ្គីភាពរបស់ជនរួមជាតិខ្មែរទាំងអស់។

ឯកឧត្តមបានបន្តថា៖«កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបផង សំដៅធ្វើយ៉ាងណាឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ដែលសព្វថ្ងៃជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង