ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ៖ រាល់ការផ្តល់សេវាសាធារណៈ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល១០០%

ភ្នំពេញ៖ «រាល់ការផ្តល់សេវាសាធារណៈ នៅក្នុងមណ្ឌលនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល១០០%ដែលអនុញ្ញាឱ្យធ្វើការបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចំនួន១២ស្ថាប័ន ផ្តល់ភាពងាយស្រួលជូនដល់សាធារណៈជន ដែលមកប្រើប្រាស់សេវានៅទីនេះ និងស្របតាមយុគសម័យឌីជីថលូបនីយកម្ម»។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ នៃក្រសួងសាធារណការនិងដឹកជញ្ជូន នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ឆ្នាំ២០២៣ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា មណ្ឌលផ្តល់សេវាសាធារណៈថ្មី ដែលប្រារព្ធពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនាឱកាសនេះ ជាទីតាំងទី៨ រាប់ចាប់តាំងពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា។

ឯកឧត្តមអគ្គនាយកបានបន្តថា កើតចេញពីកិច្ចសហការក្នុងការសាងសង់ និងរៀបចំប្រព័ន្ធប្រតិបត្តិការដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទនងសាធារណៈ រួមជាមួយនឹង ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី មណ្ឌលផ្ដល់សេវាសាធារណៈនេះ មានទំហំទីតាំងសរុប ៩៨,៥០ ម៉ែត្រក្រឡា ស្ថិតនៅជាន់ទី១ ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានបំពាក់ឧបករណ៍សម្ភារបរិក្ខាទំនើប សម្រាប់ស្រួលដល់ប្រតិបត្តិការ។ បើកដំណើរការចាប់ពីម៉ោង៩ព្រឹក ដល់ ១០យប់៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងមានសមាសភាពបម្រើការងារចំនួន១៦រូប ប្រកបដោយក្រមសីលធម៌ និងរួសរាយរាក់ទាក់។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថាមណ្ឌលនេះនឹងបើកឱ្យផ្ដល់សេវាដូចជា៖ ១.ប្ដូរ-ពន្យារបណ្ណបើកបរយានយន្ត, ២.ដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬហៅថាឆៀក,៣.ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ និង៤.បំពាក់ឧបករណ៍ ETC លើយានយន្ត និង លតាបត្រអនុញ្ញាតទោចក្រយានយន្ត ៥០០cc ឬ ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន

 

អត្ថបទដែលជាប់ទាក់ទង