Breaking News: នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឈប់លេង Facebook និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។

សម្តេចតេជោបានបញ្ជាក់នៅក្នុងឆាណែល Telegram យ៉ាងដូចេ្នះថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង ២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្មណ៍ពីការចូលលួចដូច Facebook។

សម្តេចតេជោ បានបន្តទៀតថា អាស្រ័យហេតុនេះ ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជី Facebook។

សម្តេចបានបញ្ជាក់ទៀតថា ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់ខ្ញុំវិញដើម្បី ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ តាមរយៈតេឡេក្រាមវិញ។ ខ្ញុំក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស២នាក់ យកឈ្មោះខ្ញុំទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន ២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់។ ចាប់ពីពេលនេះ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង