សម្ដេចក្រឡាហោម ស ខេង៖ ក្មួយៗទាំងអស់គឺជាឈាមថ្មីដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ
ភ្នំពេញ៖ «ក្មួយៗទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយលក្ខណៈសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។ ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាយ៉ាងដូចនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្តអនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។
សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងកោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។ សម្ដេចក្រឡាហោម បានបង្ហាញការចាប់អារម្មណ៍ប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់។
សម្ដេចបន្តថា ក្នុងពេលកន្លងមកថ្មីៗនេះ សម្ដេចបានសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគមួយចំនួន និងពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបានកសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។ សម្ដេច បានចាត់ទុកស្នាដៃទាំងនេះថាបានកើតឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិលើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿងប្រកបដោយភាពសុខដុមរមនាក្រោមដំបូលសន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាលបានឱ្យផលនាពេលបច្ចុប្បន្ននេះ ហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង ក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបានជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នាពេលអនាគត»។
ក្នុងក្របខ័ណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដារគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពីព្រោះធនធានមនុស្សដែលទទួលបានពីការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក្រកែច្នៃមនុស្ស ឱ្យមានតម្លៃ និងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល។
ចំណែកសិស្សនគរបាលជ័យលាភីទាំងអស់ សម្ដេចបានផ្ដល់ដំបូន្មានឱ្យចងចាំថា ការសិក្សាស្រាវជ្រាវ ការរៀនសូត្រ និងការធ្វើស្វ័យសិក្សាតាមគ្រប់រូបភាពនិងគ្រប់ទីកន្លែង គឺជាកាតព្វកិច្ចរបស់ក្មួយៗ ទាំងអស់ ដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានល្អ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងដកស្រង់បទពិសោធល្អៗពីនគរបាលរៀមច្បង ក្នុងគោលដៅធ្វើឱ្យក្មួយៗក្លាយជាធនធានមនុស្សកាន់តែមានតម្លៃ និងមានប្រយោជន៍ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕