កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនបុរសជនជាតិ២នាក់ជាមួយថ្នាំញៀនជិត៣គីឡូក្រាមនៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិ២នាក់ ជាមួយថ្នាំញៀនជិត៣គីឡូក្រាម។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបញ្ជាឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនជាតិចិន ២នាក់ រួមមាន៖ ឈ្មោះ ហ៊ូ ស៊ាវវិន និងឈ្មោះ ចាង ឃុនហុង។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាង ជាថ្នាំញៀ​នប្រភេទ MDMA ទម្ងន់ ២៨៣៣.៨៦ក្រាម (ជាង២.៨គីឡូក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

គួរជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗមិនតិចជាង១០ករណីទេ។លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕

 

អត្ថបទដែលជាប់ទាក់ទង