ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទបាន២នាក់នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនបរទេស ម្នាក់នៅចំនុចផ្លូវលេខ១០៥កែងផ្លូវលេខ៣១០ក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង នឹងកម្លាំងជំនាញនៃអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វេីការស្រាវជ្រាវ នឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖២៦នាទីត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វេីឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ រឿន សារ៉ាយ ហៅ រ៉ៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និង២.ឈ្មោះ អេង ដេវិត ហៅ រម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យធ្លាប់ធ្វើសកម្មភាព៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២៖១៥នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់(ជាជនបរទេស)កំពុងដេីរតែមិនបានសំរេចនៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:១៥នាទី បានធ្វេីសកម្មភាពយកទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ទៀតថា សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1JW-0681។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕