សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យជនរួមជាតិបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨នៅលើសន្លឹកឆ្នោត

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិ សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។

សម្តេចតេជោបានអំពាវនាវយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧០០០០នាក់ ជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

សម្តេចបានថ្លែងដូចនេះថា «នៅថ្ងៃឤទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតហើយ! ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ផាក់នូវជំហរឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

សម្តេចតេជោក៏បានអំពាវនាវដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត, គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់, បេក្ខជន, មន្ត្រី និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើងដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។

ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតសម្តេចតេជោ ក៏បានសង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាអង្គការនានានៃសង្គមស៊ីវិល, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវបរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

*បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ! *បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ! *បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង! *គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ! *ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង!

អត្ថបទដែលជាប់ទាក់ទង