មនុស្សជាង១០០នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុក្នុងឆ្នាំ២០២២
ព្រះសីហនុ៖ លោកឧត្ដមសេនីយទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា មានករណីមនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តនាឆ្នាំ២០២២កន្លងទៅ គឺមានការកើនឡើង ពោលមានមនុស្សស្លាប់សរុប១១០នាក់ បើប្រៀបធៀបឆ្នាំ២០២១ មានការកើនឡើង៣៧នាក់។
ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក ជួន ណារិន្ទ បានឱ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍សរុបក្នុងឆ្នាំ២០២២ កើតឡើង១៨៥ លើក បើប្រៀបធៀបឆ្នាំ២០២១ មានចំនួន ១២៩លើក កើនឡើង៥៦លើក ស្មើនឹង ៤៣ភាគរយ ក្នុងនោះបង្កដោជនបរទេសមាន ១៨លើក។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបណ្តាលឱ្យមនុស្ស ១១០នាក់ស្លាប់ បើប្រៀបធៀបឆ្នាំ២០២១ មានចំនួន៧៣នាក់ គឺមានការកើនឡើង ៣៧នាក់ ក្នុងនោះមានជនបរទេស២សញ្ជាតិបានស្លាប់ ចំនួន៨នាក់ ស្រី៤នាក់។
រីឯអ្នករងរបួសមានចំនួន ២១២នាក់ បើប្រៀបធៀបឆ្នាំ២០២១ មានចំនួន១៣៩នាក់ កើនឡើង ៧៣នាក់ (ជនបរទេស ២សញ្ជាតិ របួស៩នាក់)។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ ១-បើកហួសល្បឿនកំណត់ ១១២ករណី, ២-វ៉ាជែង ៣ករណី, ៣-បើកបរមិនគោរពសិទ្ធិ ២០ករណី, ៤-បើកបរធ្វេសប្រហែស ១៤ករណី,៥-បច្ចេកទេសយានយន្ត ៣ករណី នឹង ៦-បើកបរដោយស្រវឹង ៣ ករណី។ ក្នុងនោះសមត្ថកិច្ចធ្វើផាកពិន័យចេញបណ្ណត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកចំនួន ៨ ៨៨១គ្រឿង ក្នុងនោះរថយន្ត ៣៥៩គ្រឿង (រថយន្តធុនធ្ងន់ ៣៣គ្រឿង) ម៉ូតូ ៨ ៥២២ គ្រឿង សរុបទឹកប្រាក់ចំនួន ៦៥៨ ៣៩០ ០០០រៀល។
ទន្ទឹមនោះ លោក គួច ចំរើន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទទួលខុសត្រូវរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ ការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិ៕