អ្នករងគ្រោះដោយកម្ចីអនឡាញខុសច្បាប់អាចមានសង្ឃឹមហើយ ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់លេខសម្រាប់ងាយស្រួលទំនាក់ទំនងហើយ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារកម្ចីអនឡាញខុសច្បាប់ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ។

ការផ្តល់លេខសម្រាប់ទំនាក់ទំនងខាងលើនេះ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានកណ្ដាលសន្ដិសុខ បានផ្ដល់ជូនលេខទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ដើម្បីសុំជំនួយអន្ដរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា មានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណីការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញ ជាដើម។

តាមការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យមួយចំនួន កម្ចីទាំងនោះ ត្រូវបានសង្ស័យថា ជាការផ្ដល់កម្ចីខុសច្បាប់ ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការដែលគ្មានច្បាប់អនុញ្ញាត។ សញ្ញាណទាំងនោះរួមមាន៖ -ក្រុមនេះមិនមានទីតាំងច្បាស់លាស់ ឬព្យាយាមលាក់បាំងអាសយដ្ឋានកន្លែងរបស់ពួកគេ, -គ្មានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់,-មានការកាត់ប្រាក់ជាមុន ដោយថាជាសេវាផ្សេងៗ (ខ្ចី ១០០$ បានតែ ៨០$ ឬ ទទួលបានប្រាក់ ៨០$ តែធ្វើលិខិតខ្ចី ១០០$),-អាចមានការទាមទារឲ្យដាក់តម្កល់ជាមួយពួកគេនូវឯកសារច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឲ្យថតរូបទុកជាភស្តុតាង ឬការសរសេរសែក (មូលប្បទានប័ត្រ)។

បើតាមនាយកដ្ឋានកណ្ដាលសន្ដិសុខ ការខ្ចីប្រាក់ពីកម្ចីខុសច្បាប់ នឹងនាំឲ្យជួបបញ្ហាប្រឈមដូចជា៖-ធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក (នឹងមានការណែនាំឲ្យខ្ចីបំណុលថ្មី ដើម្បីយកទៅដោះបំណុលមុន និងការខ្ចីថ្មីជាបន្តបន្ទាប់),-ការប្រាក់ កម្រៃសេវាខ្ពស់ហួសខ្លាំងពីច្បាប់កំណត់, ការពិន័យឲ្យបង់ប្រាក់មិនសមហេតុផល, ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឲ្យសងប្រាក់ និងការរឹបអូសនានាដោយគ្មានការអនុវត្តនីតិវិធីតុលាការ។

ដើម្បីជាវិធានការបង្ការ នាយកដ្ឋានកណ្ដាលសន្តិសុខ សូមលើកទឹកចិត្តដូចខាងក្រោម៖-ការធ្វើកម្ចី គួរតែធ្វើជាមួយគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាត,-ដាច់ខាតមិនត្រូវធ្វើទំនាក់ទំនងជាមួយក្រុមផ្ដល់ប្រាក់កម្ចីដែលមានចរិតលក្ខណៈដូចរៀបរាប់ខាងលើ,-មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើម របស់អ្នក ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ទៅឲ្យអ្នកដទៃដែលមិនស្គាល់ច្បាប់លាស់នោះឡើយ,-ក្នុងករណីពួកគេចូលទីតាំងរបស់អ្នក ត្រូវឆ្លើយបដិសេធការខ្ចីប្រាក់ ស្នើសុំឲ្យចាកចេញ និងត្រូវហៅរកបងប្អូន ឬអ្នកជិតខាងឲ្យមកក្បែជាមួយ,-ប្រសិនបើនៅតែមានការជំរុញតឿនឲ្យខ្ចីប្រាក់ ត្រូវសួរនាំអំពីឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ឈ្មោះម្ចាស់ក្រុមហ៊ុន អាសយដ្ឋានទីតាំង លិខិតអនុញ្ញាតអាជីវកម្ម និងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង