ឯកឧត្ដម ហាក់ សុខមករា ណែនាំឲ្យអាជ្ញាធរស្រុកអង្គស្នួលត្រូវបន្តយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២និងអភិក្រម៥

កណ្ដាល៖ ឯកឧត្ដម ហាក់ សុខមករា «បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល កងកម្លាំងទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់» ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមបន្តណែនាំថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ៧យ៉ាងឱ្យបានល្អប្រសើរ រួមមាន៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត។ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ត្រូវឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាច សាហាវ ប្រកបដោយប្រសិទ្ធភាព»។ ការណែនាំរបស់ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដមអភិបាលខេត្តកណ្ដាលក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង ២ខ្សែប្រវែងប្រវែង១៨៥០ម៉ែត្រនៅឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត រស់ វណ្ណា អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបែកចាន។

នាឱកាសនោះ ឯកឧត្ដម ហាក់ សុខមករា បានថ្លែងថា ការជួសជុលផ្លូវបេតុងអាមេទាំង២ខ្សែ នៅឃុំបែកចាន និងឃុំក្រាំងម្កាក់នាពេលនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ឯកឧត្ដមបន្តថា ផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការ លំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

ទន្ទឹមគ្នានោះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតីនៃ «វប្បធម៌ចែករំលែក» ជូនដល់ អាជ្ញាធរ ដើម្បីអនុវត្តគម្រោងជួសជុលផ្លូវបេតុងអាមេ នេះឡើង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ សារធារណៈ ប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ជាមួយគ្នានោះឯកឧត្ដមបានស្នើដល់ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស សំដៅឱ្យផ្លូវនេះមានគុណភាពល្អ អាចប្រើប្រាស់បានយូអង្វែង។

ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវខាងលើ ឯកឧត្ដមបណ្ឌិត រស់ វណ្ណា បានថ្លែងថា ផ្លូវបេតុងដែលត្រូវបើកការដ្ឋានជួសជុលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលកើតចេញក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោល នយោបាយយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ»។

ឯកឧត្ដមបណ្ឌិតបន្តថា ដូច្នេះពីនេះតទៅមុខ យើងទាំងអស់គ្នា ប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាកេរ ទោះក្នុងកាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព ដើម្បីឱ្យកម្ពុជាក្លាយជាប្រជាជាតិ មានភាពសម្បូរសប្បាយ មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ និងដើម្បីឱ្យកម្ពុជាមានភាពធននៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាសនៃការរីកចម្រើន។

គួរជម្រាបជូនថា ផ្លូវបេតុ០២ខ្សែដែលត្រូវបើកការដា្ឋនជួសជុលប្រវែង ១៨៥០ម៉ែត្រ នៅឃុំបែកចាន និងឃុំក្រាំងម្កាក់រួមមាន៖*ទី១-ប្រវែង ៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិបុរីកម្មករ និងភូមិព្រៃទន្លាប់ ឃុំបែកចាន។*ទី២-ប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិស្វាយជ្រំ ឃុំបែកចាន ភា្ជប់ទៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់៕

អត្ថបទដែលជាប់ទាក់ទង