ឯកឧត្តម អ៊ាវ ចំរើន បន្ដចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះខ្សាច់ទន្លា

កណ្ដាល៖ ប្រធានក្រុមការងារឃុំកោះខ្សាចទន្លា ស្រុកស្អាង ខេត្តកណ្ដាល ឯកឧត្តម អ៊ាវ ចំរើន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅតែសកម្មក្នុងការបន្ដដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាវ ចំរើន បានពន្យល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់ អំពីរបៀបនៃការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ហើយគូសនៅលេខរៀងទី១៨ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ព្រមទាំងធានានូវសុខ សន្ដិភាពសម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តមបានរំលឹកទៅកាន់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលតែងតែនៅក្បែរ និងនៅជាប់ប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាអ្នកដែលរំដោះប្រទេសកម្ពុជា ចេញពីភ្លើងសង្គ្រោះ រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចនៅពេលបច្ចុប្បន្ននេះ ដូច្នេះហើយអ្វីៗទាំងអស់នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចរក្សាបានឲ្យនៅស្ថិតស្ថេរគង់វង្ស។

ឯកឧត្តម អ៊ាវ ចំរើន ក៏បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង