Breaking News: សមត្ថកិច្ចចាប់ខ្លួនម្ចាស់ហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស ដែលក្លែងជាព្រះរាជអាជ្ញាអមតុលាកំពូលក្រុងភ្នំពេញ
ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជានរៈ សាវង្ស ដែលបានក្លែងជាព្រះរាជអាជ្ញាអមតុលាកំពូលក្រុងភ្នំពេញ។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
គួរជម្រាបជូនថា កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជានរៈ សាវង្ស ដែលបានអួតខ្លួនថា ជាព្រះរាជអាជ្ញាអមតុលាកំពូលក្រុងភ្នំពេញនិងបានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសុំដាកសុំណួ ទៅខាងមេធាវីដើមបណ្ដឹងថា តើលោកមានវិជ្ជាជីវះជាមេធាវីទេ. មុននឹងធ្វើជាមេធាវីកាពាក្ដីឲដើមបណ្ដឹង លោកមានបាដឹងទេថា សុំណុមរឿងនឹងវាយ៉ាងមេចទេ សូមលោកមេធាវី ធ្វើកាដោយតម្លែ. ជាមេធាវីផង យើងជានរះ សាវង្ស ព្រះរាជអាជ្ញា អមតុលាកំពូល ក្រុងភ្នំពេញ»។ ហើយក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ មេធាវី នឹម ស្រីអូនជួយស៊ែរ(ចែករំលែក)នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបានភ្ជាប់នឹងខ្លឹមសារថា នាងខ្ញុំ មេធាវី នឹម ស្រីអូន និងជាប្រធានការិយាល័យមេធាវី នឹម ស្រីអូន និងសហការី ដែលមានអាសយដ្ឋាននៅបុរីសាគូរ៉ា ផ្ទះវីឡាកូនកាត់ LA-60 ផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ!(ក្បែរEON3)! សូមគោរព និងថ្លែងអំណរគុណ ជូនចំពោះ ឯក ឧត្ដម ជា នរះសាវង្ស ជាព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ សម្រាប់ការចោទសួរទៅលោកមេធាវី ដើមបណ្ដឹង ក៏ដូចជាធ្វើការអង្កេត និងតាមដាន សាច់រឿងអង្គហេតុ និងអង្គច្បា…ផងដែរ។
បើយោងតាមក្រមសីលធម៌មេធាវី មាត្រា១៥៖ ការផ្សព្វផ្សាយវិជ្ជាជីវៈឯកជន[…]មេធាវីមិនត្រូវផ្តល់ព័ត៌មានក្លែង ឬបន្លំបោកប្រាស់ ឬអួតអាងពីសេវាកម្មរបស់ខ្លួន ដើម្បីផ្សព្វផ្សាយទាក់ទាញអតិថិជនឡើយ។ មេធាវីអាចធ្វើការផ្សព្វផ្សាយអំពីសេវាកម្មនៃការិយាល័យមេធាវីរបស់ខ្លួន តាមរយៈទំនាក់ទំនងជាលាយលក្ខណ៍អក្សរ សារអេឡេចត្រូនិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីមានការអនុញ្ញាតិពីក្រុមប្រឹក្សា។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sorn Chanveasna លើកឡើងថា អ្នកផ្ដើមគំនិត ករណីក្លែងឋានៈវាស់កំពស់ហើយ នៅឡើយតែអ្នកសមគំនិត បានចូលរួមផ្សព្វផ្សាយ និងថ្លែងអំណរអរគុណ មានចេតនាបង្កជាការយល់ច្រឡំមកមហាជន Sisនៅទីណា?
បើតាមគណនីហ្វេសប៊ុកឈ្មោះ Lor Krem បានអំពាវនាវសូមឲ្យស្ថាប័នពាក់ព័ន្ធជ្រាប និងមានវិធានការ ជៀសវាងការភាន់ច្រឡំរបស់សាធារណជន!។
ទាក់ទិនព័ត៌មានខាងលើមានអ្នកច្បាប់នៅកម្ពុជាបានសំនូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាបនច្បាប់មេត្តាមានវិធានការតាមផ្លូវច្បាប់និងដាក់ទោសឲ្យបានតឹងរ៉ឹងបំផុតចំពោះជនក្លែងឋានៈ និងអ្នកប្រើប្រាស់ព័ត៌មានក្លែង៕