Update: ឧកញ៉ាញៀនល្បែងម្នាក់និងអ្នកញៀនល្បែងជាច្រើននាក់ទៀត ត្រូវបានគេឃើញថា នៅតែបន្តលួចលេងស៊ីសងក្នុងបុរីអ័រគីដេនៅខណ្ឌសែនសុខដដែល (មានVideo)

 

ភ្នំពេញ៖ មានឧកញ៉ាញៀនល្បែកម្នាក់និងក្រុមអ្នកញៀនជាច្រើននាក់ទៀតនៅនាំគ្នាលួចសម្ងំលេងល្បែងស៊ីសងភ្នាល់ដាក់លុយរាប់ពាន់ដុល្លារដដែលក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ (ផ្លូវរំចង់) ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយគ្មានអាជ្ញាធរសង្កាត់ ខណ្ឌ រាជធានីភ្នំពេញរូបណាហ៊ានចុះបង្ក្រាបនៅឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានបានខ្សឹបឲ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ ម៉ាប់ ជាមេល្បែងដ៏ល្បីល្បាញហើយនៅតែហ៊ានលួចបើកដំណើរការយ៉ាងរលូន ទោះបីជាមានបណ្ដាញសារព័ត៌មានធ្លាប់ផ្សព្វផ្សាយម្ដងរួចហើយក៏ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែក្រុមអ្នកញៀនល្បែងទាំងអស់នោះ ហាក់មិនញញើតឬខ្លាចសមត្ថកិច្ចឡើយ។

ប្រភពបន្តថា ទីតាំងខាងលើនេះ ត្រូវបានគេឃើញក្រុមអ្នកញៀនល្បែងទាំងនោះអង្គុយលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០ម៉ឺនរៀលឡើងទៅ ដោយអនុញ្ញាតឲ្យអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើមធ្យោបាយ ជិះ PassApp ចូលមកវិញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច និងមើលទៅហាក់ដូចជាស្ងប់ស្ងាត់ណាស់ ប៉ុន្តែខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង។ ចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។

ទាក់ទិនលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ដោយក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

មហាជនសូមអំពាវនាវដល់អាជ្ញាធរក្រុងភ្នំពេញ សុំមានវិធានការផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងដ៏ធំខាងលើនេះផង៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង