នាយករដ្ឋមន្ត្រីកម្ពុជាចាប់ផ្ដើមប្រើ Twitter ឡើងវិញ ដើម្បីឆ្លើយតបនឹងការលុប Facebook Page


ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រើបណ្ដាញទំនាក់ទំនងសង្គមTwitterឡើងវិញ និងកាន់តែទូលំទូលាយជាងមុន។

សម្តេចតេជោបានសរសេរនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅលើ Channel Telegram របស់សម្ដេចថា៖ «សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមានគណនី twitter យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញtelegram, YouTube, TikTok, ដែលខ្ញុំកំពុងប្រើ។ ថ្ងៃស្អែក៩ កក្កដា ២០២៣ ខ្ញុំដង្ហែព្រះមហាក្សត្រដើម្បីចូលរួមពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង»។
លោកអ្នកអាចភ្ជាប់ Twitter ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មាន link ដូចខាងក្រោមៈhttps://twitter.com/hunsencambodia

ការចាប់ផ្ដើមប្រើបណ្ដាញទំនាក់ទំនងសង្គម twitter នៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោបានលុបចោល page facebook របស់សម្ដេចដែលមានអ្នកតាមដានជាង ១៤លាននាក់កាលពីចុងខែមិថុនា កន្លងទៅបន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុននេះបានដាក់ស្នើទៅកាន់ក្រុមហ៊ុនដើម្បីផ្អាកដំណើរការ Facebook Page របស់សម្ដេចតេជោរយៈពេល ៦ខែ។

កម្ពុជាចាត់ទុកសកម្មភាពនេះថាមានលក្ខណៈនយោបាយ និងជ្រែតជ្រែកកិច្ចការផ្ទះក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង