ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ព្រោះក្រុមការងារគណបក្សប្រជាជនកម្ពុជាយល់ឃើញថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ជាងអ្វីៗទាំងអស់

កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សក្នុងមូលដ្ឋានឃុំលើកដែក ស្រុកកោះធំ និងសង្កាត់ជ្រោយតាកែវ នៃក្រុងសំពៅពូនសរុបប្រមាណ ១៨០០នាក់។

ក្នុងពិធីជួបសំណេះសំណាលនោះ បងប្អូនប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាបង្ហាពីទឹកចិត្តសប្បាយរីករាយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីសមិទ្ធផលនានានិងសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាទើបបានកសាងដូចជា មន្ទីរពេទ្យតេជោសែនកោះធំដែលចំណាយថវិកាសម្រាប់ការសាងសង់និងទិញសម្ភារះ ឧបករណ៍បច្ចេកទេសទំនើបៗអស់ថវិកាជាង១១.២លានដុល្លារដើម្បីថែរក្សាសុខភាពរបស់បងប្អូនអ្នកស្រុកកោះធំ អ្នកក្រុងសំពៅពូន ក៏ដូចអ្នកនៅព្រៃកប្បាស ព្រៃល្វា អ្នកស្រុកលើកលើក និងអ្នកស្អាង ដែលមន្ទីរពេទ្យបានរៀបចំតាមស្តង់ដារដូចនឹងមន្ទីរពេទ្យកាល់ម៉ែត ព្រោះក្រុមការងារគណបក្សប្រជាជនកម្ពុជាយល់ឃើញថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ជាងអ្វីៗទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោគឺជាគម្រោងដ៏មានសារះសំខាន់បំផុត ដោយសារយើងអាចនាំយកសមិទ្ធផលយើងពីគ្រប់កន្លែងតាមទន្លេយើងទៅសមុទ្រយើង។ ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នមិនទាន់មានទូក នាវា ឬកប៉ាល់ដែលអាចនាំយកសមិទ្ធផលយើងពីទន្លេយើងទៅសមុទ្រយើងបាននៅឡើយនោះទេ យើងឆ្លងតាមប្រទេសគេ ដូច្នេះព្រែកជីកហ្វូណនតេជោអាចនាំយកទំនិញ សមិទ្ធផលយើងពីទន្លេទៅសមុទ្រ ទៅកំពង់ផែកំពត កំពង់ផែក្រុងព្រះសីហនុ រួចឆ្ពោះទៅលក់នៅឯបរទេសតែម្ដង។ឯកឧត្តមបានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយពេលវេលា កាត់បន្ថយនីតិវិធីតាមព្រំដែនអន្តរជាតិ និងជួយកាត់បន្ថយតម្លៃ។ ហើយព្រែកជីកហ្វូណនតេជោនឹងអាចជួយឲ្យលែងមានទឹកជំនន់លិចខេត្តតាកែវដូចរៀងរាល់ឆ្នាំនារដូវវស្សាដោយសារយើងមានទ្វារទឹក៣នៅទន្លេមេគង្គ តាកែវ និងកែប ហើយយើងនឹងបើកប្រឡាយទឹកមួយចំនួនឲ្យទឹកហូរចូលព្រែកជីក។ នៅរដូវប្រាំងយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយយើងមានអាងទប់ទឹកជម្រៅ៥.៤ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ និងបានដាក់ត្រី ជាហេតុធ្វើឲ្យប្រជាពលរដ្ឋចំនួនជាង១.៦លាននាក់ដែលរស់នៅតាមបណ្ដោយព្រែកជីកមានត្រីទទួលទានបានគ្រប់គ្រាន់។ ឯកឧត្តមបានបន្តឲ្យដឹងថា ព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ពីទន្លេមេគង្គ មកព្រែកតាកែវ មកព្រែកតាឯក មកទន្លេបាសាក់ មកព្រែកតាហ៊ីង ទៅខេត្តតាកែវ ចេញទៅសមុទ្រខេត្តកែប និងទៅសមុទ្រខេត្តកំពត។ ហើយព្រែកជីកហ្វូណនតេជោនឹងក្លាយទៅជាតំបន់ទេសចរ អមសងខាងព្រែកជីកនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មនិងឧស្សាហកម្មដែលបានផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់ប្រទេសជាតិរបស់យើង។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀតនិងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង