យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ, សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនស្ស័យ រស់ ពុទ្ធា ហៅ «ក្របី»

មណ្ឌលគិរី៖ យុត្តិធម៌ត្រូវតែមានសម្រាប់ជនរងគ្រោះ, ពេលនេះស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីកំពុងសហការយ៉ាងល្អជាមួយសមត្ថកិច្ចក្នុងការអនុវត្តនីតិវិធីតាមចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅ «ក្របី» បន្ទាប់ពីជននេះ ផឹកស៊ីស្រវឹងបាញ់ស្ដ្រីម្នាក់បណ្ដាលឱ្យរបួសធ្ងន់ បៀមគ្រាប់ក្នុងខ្លួន។នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះកាលបរិច្ឆេទ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលបណ្ដឹងពីជនរងគ្រោះផ្ទាល់ផង និងទទួលបានសំណុំរឿងពីស្នងការខេត្តមណ្ឌលគិរីផង ដើម្បីចាត់បន្តតាមនីតិវិធី។

អ្នកនាំពាក្យអយ្យការបានបញ្ជាក់ទៀតថាករណីខាងលើ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួនរួចហើយដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការនាំខ្លួនឬចាប់ខ្លួន ឈ្មោះ រស់ ពុទ្ធា ហៅ«ក្របី» យកមកទទួលខុសត្រូវចំពោះមុខច្បាប់
ក៏ដូចជាផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។ខណៈបច្ចុប្បន្នឈ្មោះ រស់ ពុទ្ធា ហៅក្របីកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ច ក៏កំពុងស្វែងរកចាប់ខ្លួនផងដែរ។

សូមជម្រាបថា ករណីបាញ់ប្រហារនេះបានកើតឡើង នៅ​សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោ​រម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ ជនរងគ្រោះ ដែលរងការបាញ់ប្រហារឈ្មោះ ចន សុវណ្ណណេត ហៅហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានរបួសត្រូវគ្រាប់ត្រង់ចំណុចដេីមដោះខាងស្ដាំ ដោយក្បាលគ្រាប់បៀមជាប់ នៅក្រោមស្លាបប្រចៀវ​ បញ្ឆិតដេីមដៃ​។

ដោយឡែកខ្មាន់កាំភ្លើងខាងលើ ឈ្មោះ រស់ ពុទ្ធា ហៅក្របី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។

បើតាមប្រភពថា នៅមុនកើតហេតុ ជនរងគ្រោះនិងខ្មាន់កាំភ្លើង រួមនិងបក្ខពួក២នាក់ទៀត បាននាំគ្នាផឹកស៊ីលុះដល់យប់ជ្រៅស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដី ហើយខ្មាន់កាំភ្លើង រហ្សសនាម«ក្របី»បានប្រើកាំភ្លើងខ្លីបាញ់បណ្ដាលឱ្យត្រូវនារី រងគ្រោះរបួសធ្ងន់តែម្ដងទៅ ក្រោយកើតហេតុបក្ខពួក «ក្របី» បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យដោយស្មានថា នាងស្លាប់។

ជុំវិញករណីនេះ មហាជនទូទៅក៏ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់ និងខ្លាចរអារជាខ្លាំង ចំពោះបុរសមុខកាចមាឌធំដែលមានរហ្សសនាម«ក្របី» ព្រោះគេជាមនុស្សសាហាវព្រៃផ្សៃបំផុត ដោយតែងតែ ធ្វើសកម្មភាពដើរបាញ់បោះសេរី ជាញឹកញាប់ គំរាមកំហែងសំឡុត ទៅលើអ្នកទន់ខ្សោយ ដែលប្រឆាំងឬមិនស្ដាប់បង្គាប់ខ្លួន។ ជាពិសេសនៅពេលផឹកស៊ីស្រវឹង«ក្របី»នឹងប្រើអាវុធបាញ់ប៉ងសម្លាប់អ្នកនៅក្បែរគាត់ ឬដៃគូទំនាស់ជាបន្តបន្ទាប់ ដូចបាញ់ចាបអញ្ចឹងដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់កម្ពុជា សោះឡើយ។ កត្តាទាំងនេះហើយ ទើបសមត្ថកិច្ចមួយចំនួនរួញខ្លួនមិនសូវហ៊ានអនុវត្តច្បាប់ដោយចេញមុខមាត់នោះទេ ព្រោះ«ក្របី»មានខ្នងបង្អែករឹងមាំ ដោយខ្លាចថា បើចាប់«ក្របី»ដាក់គុកមិនយូឡើយនឹងចេញមកវិញ ហើយពេលចេញមកវិញ អ្នកចាប់អាចប្រឈមនឹងមានគ្រោះធំ។ ជាក់ស្ដែងកាលពីកំឡុងឆ្នាំ២០២១«ក្របី»ប្រើកាំភ្លើងវ៉ាន់ឡុង បាញ់មន្ត្រីប៉ូលិសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ប៉ុន្តែមិនជាប់គុកហើយមានសេរីភាព ដើរផឹកស៊ីពេញលេញទៀតផង។លុះដល់លើកនេះទៀត គេសង្ឃឹមថាសមត្ថកិច្ចនឹងតាមចាប់ខ្លួនរហ្សសនាម«ក្របី»បាន មិនខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង