ជនដៃដល់ជាប្ដីផឹកស្រាស្រវឹងខឹងប្រពន្ធជេរស្ដីបន្ទោស និងជះទឹកនោមក្នុងកន្ថោរដាក់ខ្លួន ទាញកាំបិតប៉័ងតោកាប់ទាំងប្រពន្ធ ទាំងកូនឲ្យរងរបួសធ្ងន់ធ្ងរ

ព្រៃវែង៖ បុរសជាប្ដីនិងជាឪពុកម្នាក់ត្រូវបានកម្លាំងប៉ូលិសខេត្តព្រៃវែងចាប់វ៉ៃខ្នោះបានភ្លាមៗ បន្ទាប់ពីការជួបជុំផឹកស៊ីស្រវឹងស្រា និងត្រូវបានប្រពន្ធជេរស្ដីបន្ទោសប្រពន្ធរហូតប្រតាយប្រតប់គ្នា ឈានដល់ការទាញកាំបិតមកកាប់សន្ធាប់លើប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរងរបួសធ្ងន់ទាំង០២នាក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១:០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

បើតាមប្រភពថា ជនរងគ្រោះទាំង០២នាក់៖ ទី១.ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរកសិកររងរបួស៥កន្លែងដោយរបួសដាច់រយះលើផ្ទៃមុខខាងឆ្វេង,ដាច់រយះលើកំភួនដៃខាងឆ្វេង, ដាច់ស្បែកក្បាលលើចុងចិញ្ចើមខាងឆ្វេង,ដាច់ស្បែកក្បាលផ្នែកលើត្រចៀកខាងឆ្វេង,ដាច់រយះចង្កា ជាហេតុនាំឲ្យរងរបួសធ្ងន់ និងទី២.ឈ្មោះ ចាន់ ឌី ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបកសិករ រងរបួស០២កន្លែងគឺ លើភ្លៅខាងស្ដាំមុតដាច់ចេញឈាម និងរបួសមេដៃខាងស្តាំ ជាហេតុនាំឲ្យរងរបួសធ្ងន់។ ដោយឡែកជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានបានបន្តថា នៅវេលាកើតហេតុជនសង្ស័យបានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះ ជនរងគ្រោះ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់នោះទេ និងបានយកទឹកនោមក្នុងកន្ថោរមកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ ទៅលើប្រពន្ធជាច្រើនកាំបិត ពេលកូនស្រីឈ្មោះ ចាន់ ឌី មកជួយ ក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យ រងរបួសធ្ងន់ទាំង០២នាក់តែម្តង។

ប្រភពបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធ និងកូនរួចបានរត់គេចខ្លួនទៅផ្ទះមិត្តភក្តិឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែងចាប់ឃាត់ខ្លួនបាននៅទីនោះតែម្តង។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យជាប្តី រួមជាមួយវត្ថុតាងកាំបិតត្រូវបាននគរបាលឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀចដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង