Update: អង្គភាពសារព័ត៌មាន The Mirror News ជម្រាបជូនលោក ទឹម រតនៈ និងលោកស្រី សួង ពៅ ថា The Mirror News ពុំអាចលុបព័ត៌មាននិងសុំទោសជាសាធារណៈតាមលិខិតជូនដំណឹងរបស់លោក លោកស្រីឡើយ
កណ្តាល៖ បន្ទាប់អង្គភាពសារព័ត៌មាន The Mirror News បានទទួលលិខិតជូនដំណឹងមួយច្បាប់ចំនួន០២ទំព័រពីឈ្មោះ ទឹម រតនៈ ជានាយករងវិទ្យាល័យ ហ៊ុន សែន សេរីភាព មានស្រុកកំណើតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត និងមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលននិងឈ្មោះ សួង ពៅ ភេទស្រី មាន ស្រុកកំណើតនៅឃុំព្រែកំពឹស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល និងមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិក្រាំងស្វាយ សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងសុំធ្វើការបដិសេដទាំងស្រុងចំពោះការផ្សាយព័ត៌មានពីបណ្ដាញសារព័ត៌មាន The Mirror News កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយមានដាក់ចំណងជើងថា «លោកយាយ កង ស៊ឺន ថាដោយសារការចាញ់បោកការញុះញង់របស់ជនទី៣ឲ្យប្ដឹង ពេលនេះលោកយាយសុំដកពាក្យបណ្ដឹង ឈប់ប្ដឹងអតីតមេភូមិក្រាំស្វាយ និងលោកស្រីមេភូមិថ្មីទៅលោកចៅសង្កាត់ព្រែកកំពឹសទៀតហើយ និងបានសុំទោសជាសាធារណៈ» និងបានលើកឡើងថា ការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន The Mirror News មានគោលបំណងចោទប្រកាន់ទំលាក់កំហុសមកលើរូបពួកគាត់ទាំងពីរដោយពុំមានភស្តុតាងអំណះអំណាងគ្មានប្រភពច្បាស់លាស់ និងមិនត្រូវសំអាងដោយបំភ័ន្តការពិត និងបំភ្លើសបំផ្លិចបំផ្លាញធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរបំផុត និងបានជូនដំណឹងមកកាន់អង្គភាពសារព័ត៌មាន The Mirror News ឲ្យធ្វើការសុំទោសជាសាធារណៈ និងលុបចេញចំពោះការផ្សព្វផ្សាយព័ត៌មានក្នុងរយៈពេល២៤ម៉ោង។ ប្រសិនបើអង្គភាពសារព័ត៌មាន The Mirror News ពុំបានធ្វើការសុំទោសជាសាធារណៈ និងលុបចេញចំពោះការផ្សព្វផ្សាយក្នុងរយៈពេលកំណត់ខាងលើ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីច្បាប់។
អង្គភាពសារព័ត៌មាន The Mirror News សុំជម្រាបជូន លោក ទឹម រតនៈ និងលោកស្រី សួង ពៅ ម្ចាស់លិខិតជូនដំណឹងខាងលើថា បណ្ដាញសារព័ត៌មាន The Mirror News គឺជាអង្គភាពសារព័ត៌មានដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួងព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងបានចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម និងបានបង់ពន្ធ ប្រកាសពន្ធត្រឹមត្រូវតាមផ្លូវច្បាប់ ហើយក៏ជាអ្នកនាំពាក្យពីប្រជាជនទៅកាន់រដ្ឋាភិបាល និងនាំពាក្យពីរដ្ឋាភិបាលមកកាន់ប្រជាជនវិញ ដើម្បីឲ្យប្រជាជននិងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកដំណោះស្រាយ ឬអន្តរាគមន៍ឲ្យបានទាន់ពេលវេលានិងមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោតដល់សាធារណៈជន និងមានសិទ្ធិផ្សព្វផ្សាយនូវរាល់ព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ។ ជាពិសេសបណ្ដាញសារព័ត៌មាន The Mirror News តែងតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញការផ្សព្វផ្សាយព័ត៌មានខាងលើ បណ្ដាញសារព័ត៌មាន The Mirror News ទទួលបានប្រភពព័ត៌មានជាសំឡេងនិងវិដេអូពីប្រជាពលរដ្ឋត្រឹមត្រូវ ពុំមែនជាការលើកឡើងរបស់បណ្ដាញសារព័ត៌មាន The Mirror News យើងខ្ញុំនោះទេ។ ដូច្នេះ ចំពោះការជូនដំណឹងរបស់លោក ទឹម រតនៈ និងលោកស្រី សួង ពៅ ដើម្បីឲ្យបណ្ដាញសារព័ត៌មាន The Mirror News ធ្វើការសុំទោសជាសាធារណៈ និងលុបចេញចំពោះការផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយបានដាក់ចំណងជើងថា «លោកយាយ កង ស៊ឺន ថាដោយសារការចាញ់បោកការញុះញង់របស់ជនទី៣ឲ្យប្ដឹង ពេលនេះលោកយាយសុំដកពាក្យបណ្ដឹង ឈប់ប្ដឹងអតីតមេភូមិក្រាំស្វាយ និងលោកស្រីមេភូមិថ្មីទៅលោកចៅសង្កាត់ព្រែកកំពឹសទៀតហើយ និងបានសុំទោសជាសាធារណៈ» គឺថា បណ្ដាញសារព័ត៌មាន The Mirror News ពុំអាចធ្វើតាមលិខិតជូនដំណឹងរបស់លោក ទឹម រតនៈ និងលោកស្រី សួង ពៅ ដែលតម្រូវឲ្យធ្វើការសុំទោសជាសាធារណៈ និងលុបចេញចំពោះការផ្សព្វផ្សាយព័ត៌មានខាងលើបានឡើយ ពីព្រោះការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន The Mirror News បានផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ត្រឹមត្រូវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក ទឹម រតនៈ និងលោកស្រី សួង ពៅ ជ្រាបឲ្យបានច្បាស់លាស់ ហើយអង្គភាពសារព័ត៌មាន The Mirror News ក៏បានត្រៀមភស្តុតាងរួចជាស្រេចដើម្បីបង្ហាញនិងជូនទៅស្ថាប័នពាក់ព័ន្ធ៕