កូនម្ចាស់ផ្ទះជាជនជាតិវៀតណាមដកកាំភ្លើងភ្ជង់ក្រុមគ្រួសារសិស្សស្រីនិទ្ទេសA ម្នាក់ ព្រោះខឹងនាងឈប់ជួល

ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយកើតកើតឡើងដោយហួសចិត្ត ខណៈម្ចាស់ផ្ទះជួលដកកាំភ្លើងភ្ជង់គំរាមអ្នកជួលផ្ទះរបស់បន្ទាប់ពីគេសុំរើឥវ៉ាន់ចេញ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​១០និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។ នេះបើតាមប្រភពដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពបានឲ្យដឹងថា ​កូន​​របស់គាត់​ជាសិស្ស​ឆ្នើម​និទ្ទេស​ A និងបានជួល​បន្ទប់ពីម្ចាស់ផ្ទះដើម្បីស្នាក់នៅរៀនសូត្របាន​មួយ​រយៈ ដោយ​ពិបាក​ស្នាក់នៅនិងកន្លែងទុកម៉ូតូចង្អៀត​ កូន​គាត់​ក៏​បានប្រាប់​ម្ចាស់​ផ្ទះ​ សុំ​រើចេញឈប់​ជួលបន្តទៀត ស្រាប់តែម្ចាស់​ផ្ទះ​ជាជនជាតិ​វៀតណាម​ បាន​ចេញ​ប្រតិកម្ម​ខឹង និង​​មិន​ឱ្យកូនរបស់គាត់​រើ​ចេញទេ​។ ក្រោយប៉ះសម្ដីគ្នា កូនស្រីរបស់គាត់ នាងក៏លែងហ៊ានស្នាក់នៅនិងបានចេញទៅនៅជាមួយ​បងប្អូនជា​បណ្តោះ​អាសន្ន​។

ប្រភពបន្តថា រហូតដល់​ព្រឹក​ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ កូន​បាន​ហៅ​ម្ដាយ និងម្តាយ​មីង​ ដែល​ជាចាស់ទុំ​ឱ្យមកជួយ​រើ​អីវ៉ាន់​ចេញ​ និង​និយាយជាមួយ​ម្ចាស់ផ្ទះ​ផង។ ពេល​ពួកគាត់​មក​ដល់​ បាន​ប្រាប់​ម្ចាស់​ផ្ទះ​សុំ​រើ​អីវ៉ាន់​ចេញ​ ខណៈ​កំពុងតែ​រើ​ ស្រាប់​តែ​ម្ចាស់​ផ្ទះ​នោះ​បាន​មក​ជេរ​ប្រមាថ​ពួកគាត់ចោទ​ពួកគាត់​ថាជាចោរ ​និង​ដាក់​ទំនាយ​កូន​ស្រីគាត់បន្ថែមទៀត។ ដោយ​លឺ​ពាក្យ​មិន​សមរម្យ​ពីម្ចាស់ផ្ទះ​មក​កាន់​យុវតីខាងលើ ​ ម្តាយ​មីង​ក៏​ចេញ​មុខ​មក​និយាយ​សម្រួល​ថា​ «បើក្មួយ​ស្រី​ខ្លួន​នៅ​មិន​កើត​ទៅ​ហើយ​ ឱ្យ​នាង​រើ​ចេញ​ទៅ​ចាំបាច់​អី​ត្រូវ​ជេរ​ និង​ដាក់​ទំនាយ​នាងបែប​នេះ​» គ្រាន់​តែ​និយាយ​ចប់​ក៏​កើត​ជា​ជម្លោះឈ្លោះ​ប្រកែក​គ្នាម្ដងទៀត​ រហូត​មាន​បុរស​ម្នាក់​ដែរ​គេ​ស្គាល់​ថា​ជាកូន​ម្ចាស់ផ្ទះ​ជនជាតិ​វៀតណាមខាងលើ​ បាន​ចេញ​មកជួយ​ឈ្លោះ​ និង​ដក​កាំភ្លើង​មក​ភ្ជង់​ពួក​នាង។

ក្រោយពី​មាន​ការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហៅ​ភាគី​ម្ចាស់​ផ្ទះ​ដែល​ដក​កាំភ្លើង​ និង​អ្នក​ជួល​បន្ទប់ស្នាក់​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​សែនសុខ​ ដើម្បីសួរ​នាំ​តាម​និតិ​វិធីច្បាប់​។

ទាក់ទិនករណីខាងលើ បណ្ដាញសារព័ត៌មានយើងមិនទាន់ទទួលបានព័ត៌មានពីអត្តសញ្ញាណច្បាស់លាស់របស់ភាគីទាំងពីរខាងលើនៅឡើយនោះទេ ក៏ប៉ុន្តែមានសំណួរលើកឡើងថា តើកូនប្រុសម្ចាស់ផ្ទះជួលមានមុខរបរជាអ្វី ហេតុអ្វីមានកាំភ្លើងប្រើប្រាស់ និងបានដកភ្ជង់គំរាមកំហែងគេឯងដោយគ្មានញញើតច្បាប់របស់កម្ពុជា?

អត្ថបទដែលជាប់ទាក់ទង