សមត្ថកិច្ចបញ្ជូនខ្លួនអ្នកសារព័ត៌មានម្នាក់ទៅតុលាការពីបទ «ឆបោក»
បន្ទាយមានជ័យ៖ អាជ្ញាធរបានបញ្ជូនអ្នកសារព័ត៌មានម្នាក់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ «ឆបោក» ដែលប្រព្រិត្តនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត និងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន និងបញ្ជូនមកតុលាការ អ្នកសារព័ត៌មានរូបនោះត្រូវបានបុគ្គលឈ្មោះ គង់ ចំរើន បានប្តឹងពីបទឆបោកយកលុយចំនួន ៤ ៧០០ដុល្លារជាថ្នូរនឹងការជួយរត់ការឯកសារកាត់ប្លង់ផ្ទះល្វែងនៅបុរីដួងច័ន្ទស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាកម្មសិទ្ធិរបស់ឪពុកម្តាយរបស់លោក គង់ ចំរើន។
ដើមបណ្តឹងបានបញ្ជាក់ឱ្យដឹងថា ខ្លួនបានប្រគល់ប្រាក់ទៅឱ្យ ឈ្មោះ អ៊ុង ថាប់រាំង ហៅបារំាង ចំនួន ២លើក ដោយលើកទី១ ប្រគល់ចំនួន ១ ៥០០ដុល្លារ នៅខែមិថុនា ឆ្នាំ២០១៨ ហើយលើកទី២ នៅខែកក្កដា ឆ្នាំ២០១៨ ប្រគល់ប្រាក់ចំនួន ៣ ២០០ដុល្លារទៀត ដោយជនដែលត្រូវចោទបានសន្យាថានឹងធានារត់ការឯកសារកាត់ប្លង់ផ្ទះឱ្យរួចរាល់នៅរយៈពេល៣ខែ។ ប៉ុន្តែដល់កាលកំណត់ លោកបារាំងបានឆ្លើយដោះសារគេចវេស ហើយហៅទូរសព្ទទៅលែងលើក។
សាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ «បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួរ»។
ចៅក្រមស៊ើបសួរបានធ្វើនីតិវិធីសួរចម្លើយជនត្រូវចោទ បានពិនិត្យអង្គហេតុ អង្គច្បាប់ ដោយបានរកឃើញតម្រុយពិរុទ្ធភាព។ ដូច្នេះតុលាការបានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។
សាលាដំបូងខេត្តបន្ទាយមានជ័យបានអះអាងថា ជនត្រូវចោទបានប្រព្រឹត្តអំពើជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
អ្នកសារព័ត៌មាន អ៊ុង ថាប់រាំង កន្លងមកត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្លាប់កោះហៅមកអយ្យការអមសាលាដំបូងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោយពីត្រូវបានបុគ្គលឈ្មោះ ឱក ទីនណា និងឈ្មោះ សឿង សីហា បានប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈនិងបទ «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ និងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២៕