សេចក្តីថ្លែងការណ៍ច្រានចោលការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា»

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមប្រឆាំង និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា»។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយបាត់បង់ទឹកដី ក៏ដូចជាការបណ្តោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជាពលរដ្ឋបាត់បង់ដីស្រែចំការ។ល។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានខុសពីការពិតទាំងនោះ និងសូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ព័ត៌មានក្លែងក្លាយរបស់ជនអគតិ ដែលមានចេតនាទុច្ចរិត វាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវផងដែរដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូលរួមស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ ទៅតាមផ្លូវច្បាប់ជាធរមាន។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖

 

អត្ថបទដែលជាប់ទាក់ទង