មនុស្ស៧នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូង
សេអ៊ូល៖ នៅថ្ងៃសៅរ៍នេះ ក្រុមមន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយថាមនុស្ស ៧នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈភ្លៀងធ្លាក់ ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់ បង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ដោយសារតែទឹកកំពុងហៀរចេញពីទំនប់ទឹក មួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល០៣ថ្ងៃចុងក្រោយនេះ បានបង្កជាទឹកជំនន់ជន់លិចតំបន់ជាច្រើន នៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ មនុស្សច្រើនជាង ៦,៤០០នាក់ នៅក្នុងតំបន់ ហ្គោសាន់ (Goesan) ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន នៅព្រឹក ថ្ងៃសៅរ៍នេះ ដោយសារតែទំនប់ទឹក Goesan មានទឹកហៀរចេញបណ្ដើរៗដែលអាចនឹងបង្កជាទឹកជំនន់ជន់លិចបន្ថែមដល់ភូមិដែលស្ថិតនៅក្បែរទំនប់ទឹកនេះ។
គួរបញ្ជាក់ថា ជនរងគ្រោះទាំង ៧នាក់ខាងលើ បានស្លាប់តាំងតែពីថ្ងៃសុក្រម្សិលមិញមកម្ល៉េះ នៅក្នុងការអិលបាក់ដី និងការដួលរលំអាគារដែលមានជាប់ពាក់ព័ន្ធ នឹងភ្លៀងធ្លាក់ខ្លាំង។ ចំណែក មនុស្ស ២នាក់ ក្នុងចំណោម៣នាក់ដែលបានបាត់ខ្លួន ត្រូវបានរាយការណ៍ថាត្រូវបានទឹកគួចយកទៅបាត់ នៅក្នុងខេត្ត យ៉ុងសាន ខាងជើង (North Gyeongsang)៕