ខ្លួនជាគីង្គក់ លក់ថ្នាំស្រែងសោះ មកបង្រៀនកម្ពុជា ឲ្យសូត្រទ្រឹស្តី «Justice delayed, Justice denied»

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សបានលើកឡើងថា វាជារឿងដ៏ចម្លែកមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត ២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត ៣ទសវត្ស ប៉ុន្តែគ្មានអ្នកច្បាប់ ឬអ្នកសិទ្ធិមនុស្សលោកខាងលិចនាំគ្នាលើកឡើងអំពីរឿងនេះ។

ឯកឧត្តម ជិន ម៉ាលីន បានសរសេរនៅលើ facebook page របស់លោកនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការលើកឡើងរបស់អ្នកច្បាប់មួយចំនួនក៏ដូចជាអ្នកសិទ្ធិមនុស្សលោកខាងលិចហាក់បីដូចជាមានចេតនាចាប់កំហុសនិងសំដៅទៅលើប្រទេសកម្ពុជា ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់បានដំណើរការក្ដីនិងកាត់ក្ដីលើមនុស្សដែលគ្មានកំហុសអស់រយៈពេល ២៨ឆ្នាំ។

ឯកឧត្តមបន្តថា៖ «វាជារឿងដ៏ចម្លែកមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត ២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត ៣ទសវត្ស ប៉ុន្តែគ្មានអ្នកច្បាប់ ឬអ្នកសិទ្ធិមនុស្សលោកខាងលិចនាំគ្នាលើកឡើងអំពីរឿងនេះ តែបែរជាលើកឡើងតាមបែបរអ៊ូរទាំ ចំពោះចំណាត់ការសំណុំរឿងខ្លះនៅកម្ពុជា ដែលតុលាការបានដំណើរការតាមនីតិវិធីច្បាប់របស់ខ្លួនយ៉ាងត្រឹមត្រូវ ដោយទើបប្រើពេលវេលា អស់ប្រមាណ៥-៦ឆ្នាំប៉ុណ្ណោះ ខណៈដែលជនជាប់ចោទក្នុងសំណុំរឿងខ្លះ មិនស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ជិត ៣ទសវត្សដូចនៅអាមេរិកផង»។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ តុលាការទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិកបានសម្រេចដោះលែងលោក Lamar Johnson មានអាយុ ៥០ឆ្នាំឲ្យមានសេរីភាពវិញបន្ទាប់ពីឃុំខ្លួន និងដំណើរការក្ដីអស់ ២៨ឆ្នាំមក។ ចៅក្រមបានបញ្ជាក់ថា ការសម្រេចនេះគឺបន្ទាប់ពីសាក្សី ២រូប បានផ្ដល់ភស្តុតាងយ៉ាងច្បាស់ និងគួរឱ្យទុកចិត្តបានថាលោក Johnson គ្មានពិរុទ្ធភាពលើបទឃាតកម្ម ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៤ នោះទេ។

លោក Lamar Johnson ត្រូវបានតុលាការក្នុងរដ្ឋ Missouri ផ្ដន្ទាទោសដាក់ពន្ធនាគារពីបទសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Marcus Boyd កាលពីឆ្នាំ១៩៩៤ ទោះបីលោកបានបដិសេធការចោទប្រកាន់ និងអះអាងថាលោកមិនបាននៅផ្ទះ នៅពេលដែលការបាញ់ប្រហារនេះកើតឡើងនោះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង