រុស្ស៊ីបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំមិនធ្លាប់មានលើតំបន់ភាគខាងលិចអ៊ុយក្រែន
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ភាគខាងលិចចំនួនពីរនៃអ៊ុយក្រែនជាប់ព្រំដែនប្រទេសប៉ូឡូញសមាជិកណាតូ និងតំបន់ផ្សេងទៀតនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់មនុស្ស៣នាក់ និងរាប់សិបនាក់រងរបួស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការវាយប្រហារនេះគឺជាការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំបំផុតលើតំបន់ Lviv ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន និងតំបន់ Volyn ភាគពាយ័ព្យ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយធ្វើឱ្យជនស៊ីវិលរងរបួស និងបង្ខំឱ្យមានការជម្លៀសខ្លួនចេញ។
ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសត្រូវបានដាក់ចេញនៅទូទាំងប្រទេសអ៊ុយក្រែនរយៈពេលប្រហែលពីរម៉ោង ដោយចាប់ផ្តើមនៅម៉ោងប្រហែល ២ យប់ឈានចូលនៅថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលារៀន និងមន្ទីរពេទ្យមួយត្រូវបានខូចខាតនៅក្នុងតំបន់សរុបចំនួន៨នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយថា មីស៊ីលដែលបានវាយប្រហារ ជាប្រភេទមីស៊ីល Cruise យ៉ាងហោចណាស់ ២៨ គ្រាប់។ ក្នុងនោះមីស៊ីលចំនួន ១៦ គ្រាប់ត្រូវបានបាញ់ទម្លាក់។
អភិបាលតំបន់ Lviv លោក Maxim Kozitsky បាននិយាយនៅលើ Telegram កាលពីព្រឹកថ្ងៃអង្គារថាមីស៊ីលចំនួន៦ បានបំផ្លាញអគាររាប់សិបខ្នង លំនៅដ្ឋានជាង ១០០ ត្រូវបានខូចខាតក្នុងការវាយប្រហារ រួមទាំងសាលាមត្តេយ្យមួយដែលត្រូវបានបំផ្លាញដោយការធ្លាក់កំទេចកំទីពីមីស៊ីលរុស្ស៊ីដែលត្រូវបានបាញ់ទម្លាក់។ ក្នុងនោះមានមនុស្ស ១៥ នាក់ក៏បានរងរបួសផងដែរនៅក្នុងតំបន់ Lviv។ ជាមួយគ្នាអាជ្ញាធរក្នុងតំបន់ក៏បាននិយាយដែរថា យ៉ាងហោចណាស់មនុស្សពីរនាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើទីក្រុង Lutsk ក្នុងតំបន់ Volyn របស់ប្រទេសអ៊ុយក្រែន។
ទាំងតំបន់ Volyn និងតំបន់ Lviv មានទីតាំងជាប់ប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូនៅភាគខាងលិច ហើយមានចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិជួរមុខ ជាកន្លែងដែលយោធាអ៊ុយក្រែនកំពុងវាយលុកប្រឆាំងនឹងទាហានរុស្ស៊ីវិញក្នុងសង្រ្គាមឈានចូលជិត១៨ ខែ។ តំបន់នេះត្រូវបានគេចាត់ទុកថាជាតំបន់បានរួចផុតពីការវាយប្រហារតាមអាកាសភាគច្រើនពីសំណាក់រុស្ស៊ី។ ជាទូទៅទីក្រុងនេះត្រូវបានគេមើលឃើញថាជាជម្រកសុវត្ថិភាពពីជម្លោះ ដោយមានការិយាល័យរដ្ឋាភិបាលមួយចំនួនផ្លាស់ទីទៅទីនោះ ហើយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិប្រើប្រាស់វាជាមូលដ្ឋាន។
វាក៏ជាចំណុចឆ្លងកាត់សម្រាប់ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនចេញពីជម្លោះទៅកាន់ប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែរហូតមកដល់ខែកក្កដា មនុស្ស៧នាក់ត្រូវបានសម្លាប់នៅពេលមីស៊ីលមួយបានធ្លាក់ចូលទៅក្នុងអគារលំនៅឋានមួយកន្លែង៕