យន្តហោះឯកជនមួយមានគ្រោះថ្នាក់កំឡុងពេលចុះចតបានបុកម៉ូតូ និងរថយន្តនៅប្រទេសម៉ាឡេស៊ី បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់

ម៉ាឡេស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមន្ត្រីបាននិយាយថា នៅជាយក្រុងនៃរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី យន្តហោះឯកជនធុនតូចមួយគ្រឿង មានគ្រោះថ្នាក់កំឡុងពេលចុះចតនៅអាកាសយានដ្ឋានមួយបានបុកម៉ូតូ និងរថយន្តមួយគ្រឿង បណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់។

ស្នងការនគរបាលរដ្ឋ Selangor លោក Hussein Omar Khan បានប្រាប់អ្នកយកព័ត៌ថា យន្តហោះប្រភេទ Beechcraft Model 390 (Premier 1) ដែលជាយន្តហោះជំនួញឯកជនធុនស្រាលបានដឹកអ្នកដំណើរ ០៦នាក់ និងនាវិក ពីរនាក់នៅពេលដែលយន្តហោះនោះបានធ្លាក់នៅក្បែរទីក្រុង Elmina នៅវេលាម៉ោង ០២៖០៨នាទីរសៀល មុនពេលចុះចត។

លោកបាននិយាយទៀតថា យន្តហោះនោះបានបាត់ដានពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានបុកម៉ូតូ និងរថយន្តនៅលើផ្លូវជាតិ។
លោក Hussein Omar បាននិយាយបន្ថែមទៀតថា “មិនមានការហៅទូរស័ព្ទបន្ទាន់នោះទេ នៅពេលដែលយន្តហោះនោះត្រូវបានផ្តល់ការអនុញ្ញាត្តឲ្យចុះចត”។បេសកកម្មស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង