ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សូមអបអរសាទរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្ដេចមហារដ្ឋសភាធិការធិបតី»
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពដ៏ខ្ពង់ខ្ពស់បំផុតអបអរសាទរដោយស្មោះជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្ដេចមហារដ្ឋសភាធិការធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងសារលិខិតអបអរសាទរនិងជូនពរសម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ការប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុតដែល សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលះបង់ និងខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្លាជូនប្រទេសជាតិ និងមាតុភូមិនាពេលកន្លងមក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជឿជាក់ថា រដ្ឋសភាដែលមានសម្ដេចមហារដ្ឋសភាធិកាធិបតី ជាប្រធានពិតជានឹងធ្វើឱ្យមាតុភូមិកម្ពុជាកាន់តែមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។
យើងខ្ញុំសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
គួរជម្រាបថា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាលោកជំទាវត្រូវបានព្រះមហាក្សត្រសព្វព្រះរាជទានប្រទានគោរមងារជា «សម្ដេចមហារដ្ឋសភាធិការធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល៕