នៅទីបំផុត, គ្រួសាររបស់លោក ស៊ិន សែ បានទទួលប័ណ្ណសមធម៌ពីរដ្ឋបាលឃុំផ្ទះកណ្តាលរួចហើយ

នៅទីបំផុត, គ្រួសាររបស់លោក ស៊ិន សែ ជា​ជនមានពិការ​ភាពរស់​នៅ​ភូមិ​ផ្ទះ​កណ្ដាល​ក្រោម​ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម បានទទួលប័ណ្ណសមធម៌ពីរដ្ឋបាលឃុំផ្ទះកណ្តាលរួចហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានការសម្របសម្រួលពីមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ខេត្តកំពង់ចាម សហការជាមួយមន្ត្រីមន្ទីរផែនការខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំផ្ទះកណ្តាល។

គួរជម្រាបថា បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្ដម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះសារពីប្រជាពលរដ្ឋតាមបណ្ដាញសង្គម Facebook ដោយភ្ជាប់ខ្លឹមសារថា ជូនអាជ្ញាធរពាក់ព័ន្ធ និងជូនព័ត៌មានដល់ក្រុមការងារយើង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបភ្លាមៗដើម្បីស្វែងរកដំណោះស្រាយ។ លុះដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចេញសេចក្តីប្រកាសព័ត៌មានបច្ចុប្បន្នភាពអំពីករណីលោក ស៊ិន សែ ជា​ជនមានពិការ​ភាពរស់​នៅ​ភូមិ​ផ្ទះ​កណ្ដាល​ក្រោម​ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាមថា គ្រួសាររបស់លោក ស៊ិន សែ បានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២។

ជាមួយគ្នានោះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមក៏បានជួយឧបត្ថម្ភថវិកាដល់គ្រួសាររបស់លោក ស៊ិន សែ ចំនួន៣០០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង