ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងជួយកូរ៉េខាងជើងផលិតផ្កាយរណប

នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីនឹងជួយកូរ៉េខាងជើងផលិតផ្កាយរណប ហើយនៅពេល​ត្រូវបានសាកសួរថា តើរូបលោកនិងលោក គីម ជុងអ៊ុន ដែលជាប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង នឹងជជែកគ្នាអំពីការផ្គត់ផ្គង់​អាវុធដែរឬក៏អត់នោះ លោក ពូទីន បានឆ្លើយតបថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅពេលក្រុមអ្នកសារព័ត៌មានសួរថា តើរុស្ស៊ីនឹងជួយកូរ៉េខាងជើងផលិតផ្កាយរណបដែរឬទេ លោក ពូទីន បានឆ្លើយតបដូច្នេះថា «វាគឺជា​មូលហេតុដែលពួកយើង បានមកកាន់ទីនេះ។ លោកមេដឹកនាំកូរ៉េខាងជើង បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះវិស្វកម្មគ្រាប់រ៉ុក្កែត ហើយប្រទេសរបស់លោក ក៏កំពុងព្យាយាមអភិវឌ្ឍវិស័យអវកាស ផងដែរ»។ លោក ពូទីន និងលោក គីម បានជួបគ្នានៅមូលដ្ឋានបង្ហោះ​យានអវកាសទំនើបបំផុតរបស់ប្រទេសរុស្ស៉ីគឺ Vostochny Cosmodrome បន្ទាប់ពីលោក គីម បានធ្វើដំណើរចូលដល់ប្រទេសរុស្ស៉ី តាមរយៈ​រថភ្លើងពាសដែកពិសេស កាលពីថ្ងៃអង្គារ។

លោកប្រធានាធិបតីរុស្ស៊ី បាននាំលោក គីម ជុងអ៊ុន ដើរទស្សនាមូលដ្ឋាន Vostochny Cosmodrome រួមមានអគារដែលជាកន្លែងកំពុងដំឡើងគ្រាប់រ៉ុក្កែតអវកាសស៊េរីថ្មីរបស់រុស្ស៊ី Angara ផងដែរ។ រ៉ុក្កែតប្រវែងជាង៤០ម៉ែត្រនោះ គឺប្រើសម្រាប់បញ្ជូនវត្ថុផ្សេងៗ ឡើងទៅកាន់គន្លងអវកាសកម្រិតទាបក្បែរផែនដី។ កាលពីប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងធ្លាប់បានព្យាយាមបាញ់បង្ហោះ ផ្កាយរណបចារកម្មឡើងទៅកាន់អវកាស ប៉ុន្តែបានទទួលបរាជ័យទាំង២លើក។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ពីការផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ី ប៉ុន្តែវាពុំច្បាស់ថា មានអាវុធត្រូវបានប្រគល់ឱ្យដល់ដៃរុស្ស៊ីដែរឬក៏អត់ឡើយ។ ទាំងរុស្ស៉ីនិងកូរ៉េខាងជើង គឺបានបដិសេធដូចគ្នាចំពោះការចោទប្រកាន់នេះ ប៉ុន្តែប្រទេសទាំងពីរបានសន្យា​បង្កើន កិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៉ីជម្រៅ៕

អត្ថបទដែលជាប់ទាក់ទង